ភ្នំពេញ៖ តារាសម្ដែង សូ ដានីតា ទើបនឹងជួបរឿងទុក្ខសោក ក្រោយម្ដាយនាងបានទទួលមរណភាព កាលពីថ្មីៗនេះ បានដាច់ចិត្តសរសេរសារបង្ហោះតាមហ្វេសប៊ុក ព្រមានប្ដឹងអ្នកដឹកនាំសម្ដែងល្បីឈ្មោះ នៅក្នុងផលិតកម្មថោន គឺលោក ឃុន ធារិទ្ធិ ហៅ Rith Omega ដែលមិនព្រមចេញមុខដោះស្រាយបំណុល ដែលបានជំពាក់រូបនាង រាប់ខែមកហើយ។

គណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែង សូ ដានីតា បានសរសេរសាររៀបរាប់ថា៖ «នាងខ្ញុំ សូ ដានីតា សូមប្រកាសរកឈ្មោះ (Rith Omega) ចេញមុខមកដោះស្រាយលុយចំនួន 6500$ ព្រោះបំពានសន្យា ដែលមានស្នាមមេដៃជាច្រើនដងហើយ ដោយតេមិនលើក បិទទូរស័ព្ទ។ បើមិនចេញមកខ្ញុំដាក់បណ្តឹង ឡើងដល់តុលាការ»។

ក្នុងសារខ្លីនោះតារាសម្ដែង សូ ដានីតា បានសង្កត់ធ្ងន់ថា លោក Rith Omega បានបំពានសន្យា ទាំងដែលខ្លួនបានផ្ដិតមេដៃជាច្រើនដង និងបិទទូរស័ព្ទខលមិនចូលទៀតផង។

ទាក់ទងករណីនេះ អ្នកដឹកនាំសម្ដែងល្បីឈ្មោះ នៅក្នុងផលិតកម្មថោន លោក ឃុន ធារិទ្ធិ ហៅ Rith Omega មិនទាន់ឃើញចេញមុខឆ្លើយបំភ្លឺនៅឡើយទេ ៕