បរទេស ៖ ម៉ាស់សម្រាប់ប្រើប្រាស់ប្រឆាំងនៃការរាតត្បាតនៃជំងឺ COVID-19 ដែលប្រទេសបារាំង បានបញ្ជាទិញពីចិន រាប់លានបន្ទះ នោះ ត្រូវសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនទិញយកទៅបាត់ នៅពេលដែលម៉ាស់ទាំងនោះ កំពុងស្ថិតក្រោមការរង់ចាំជញ្ជូនទៅដាក់លើយន្តហោះ ដឹកទៅប្រទេសបារាំង។

សាររព័ត៌មាន RT ដែលបានចេញផ្សាយកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ថា សហរដ្ឋអាមេរិក បានប្រើលុយលើសបារាំងបីទៅបួនដង ជាសាច់ប្រាក់សុទ្ធ ក្នុងការទិញម៉ាស់ប្រមាណ៦០លានបន្ទះ កាត់មុខបារាំង ខណៈដែលម៉ាស់ទាំងនោះ បារាំងជាអ្នកបញ្ជាទិញ នឹងកំពុងស្ថិតក្រោមការរង់ចាំជញ្ជូនទៅដាក់លើយន្តហោះ ដឹកកាន់ប្រទេសបារាំងទៅហើយ ដែលនេះ បានកើតឡើងក្នុងសប្តាហ៍នេះ ប៉ុន្តែពុំមានការបញ្ជាក់ឲ្យច្បាស់ថា កាលពីថ្ងៃណាឡើយ។

សូមបញ្ជាក់ថា កាលពីចុងខែមីនា កន្លងទៅនេះ រដ្ឋាភិបាលបារាំង បានប្រកាសបញ្ជាទិញម៉ាសសរុបចំនួន១ពាន់លាន ពីប្រទេសចិន ដើម្បីយកមកប្រើប្រាស់ក្នុងការទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺ COVID-19៕