រាជធានីភ្នំពេញ ៖ នារីម្នាក់ ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួន កាលពីព្រលប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួលលេខ៥ ក្រុមទី៦ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ពាក់ព័ន្ធសកម្មភាពផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 តាមបណ្ដាញទំនាក់ទំនងសង្គម Facebook ដោយគ្មានការអនុញ្ញាត។
លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នារីដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មានឈ្មោះ វ៉ា វួចគៀង អាយុ២៦ឆ្នាំ មុខរបរលក់អ៊ីវ៉ាន់តាមប្រព័ន្ធអនឡាញ ជាម្ចាស់ផ្ទះជួល។ ក្រោយចាប់ខ្លួន នារីខាងលើ ត្រូវសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ។

នៅចំពោះមុខសមត្ថកិច្ច នារីរូបនេះ បានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់ page facebooK ឈ្មោះ Rama Brand Shop បង្ហោះផ្សព្វផ្សាយលក់ឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ពិតប្រាកដមែន។ តែតាមពិតរូបនាងគ្រាន់តែជួយបង្ហោះផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បីលក់ឧបករណ៍ខាងលើនេះឲ្យឈ្មោះ ម៉ូនីតា សុខ ប៉ុណ្ណោះ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក តែប្រសិនបើមានអ្នកកម្មង់ទិញ ខ្លួននឹង Chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បីទទួលអីវ៉ាន់យកមកលក់បន្ត ខណៈជាក់ស្ដែង នាងពុំទាន់ទទួលបានឧបករណ៍នោះនៅឡើយទេ ហើយក៏ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននាងតែម្តង។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ។ ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារ របស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។ ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕