ភ្នំពេញ៖ ជនសង្ស័យជាចោរមារយាទអន់ម្នាក់ បានធ្វើសកម្មភាពវាយប្លន់យកកង់ និងទូរស័ព្ទដៃ ពីជនរងគ្រោះកំពុងឈរចាំអ្នកផ្ទះចាក់សោបើកទ្វារឲ្យចូល ត្រូវប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់បាន រួចស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរវាលព្រះមេរុ ផ្ទះលេខ៣៣Eo ផ្លូវលេខ១៧៨ ភូមិ២ ក្រុមទី៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ជនសង្ស័យឈ្មោះ ផាន់ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ រិន វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់មួយគ្រឿងទៅដើរលេងនៅខាងក្រៅ លុះពេលយប់ជ្រៅ បានជិះកង់ត្រឡប់មកដល់មុខផ្ទះ រួចក៏គោះទ្វារឲ្យអ្នកនៅក្នុងផ្ទះបើកទ្វារ ។ ខណៈដែលជនរងគ្រោះឈរចាំប្អូនប្រុសបើកទ្វារនោះ ស្រាប់តែលេចមុខជនសង្ស័យដើរមកសំដៅមករកវាយប្លន់យកទូរស័ព្ទដៃ និងកង់របស់ជនរងគ្រោះតែម្តង ។ ភ្លាមនោះ ជនរងគ្រោះក៏បានស្រែកថា «ចោរៗ» បណ្តាលឲ្យជនសង្ស័យភ័យ ក៏ព្យាយាមរត់គេចខ្លួន តែប្រជាពលរដ្ឋរស់នៅក្បែរនោះ នាំគ្នាដេញតាមចាប់បាន ហើយនាំគ្នាស្វាគមន៍ម្នាក់មួយដៃមួយជើងឡើងទ្រមខ្លួន ទើបប្រគល់ទៅឲ្យសមត្ថកិច្ចនាំយកទៅសាកសួរ ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នជ័យជំនះ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕