រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ត្រូវ​បាន​បាន​ឃាត់ ពាក់ព័ន្ធ​សកម្មភាព​ផ្សព្វផ្សាយ​លក់ ​(Rapid Test)​ ឧបករណ៍​ធ្វើតេស្ត​រហ័សរក​វីរុស Covid-19 តាម​បណ្ដាញ​​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹមត្រូវ ​។

ការ​ឃាត់ខ្លួននារី​រូប​នេះ ធ្វើឡើងនៅ​ព្រឹក​ថ្ងៃ​ទី​៣០ មីនា ​២០២០​នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៥ ក្រុម​ទី​៦ ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ប្ញ​ស្សី​កែវ ក្រោម​ការ​សម្របសម្រួល​ពី​លោក សិត វណ្ណៈ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ដឹកនាំ​កម្លាំង​ពី​លោកស្រី សួ​ស សូលី​ដា អភិបាលរង​ខណ្ឌ និង​មន្ត្រី​ពាក់ព័ន្ធ ។

នារី​ជាប់​សង្ស័យឈ្មោះ វ៉ា វួ​ច​គៀង អាយុ​២៦​ឆ្នាំ មុខរបរ​លក់​ឥ​វ៉ា​ន់​តាម​ប្រព័ន្ធ​អន​ឡាញ ជា​ម្ចាស់ផ្ទះ​ជួល បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ប្រើប្រាស់ page facebooK ឈ្មោះ Rama Brand Shop បង្ហោះ​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស Covid-19 ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល ពិតប្រាកដ​មែន ។

លើស​ពី​នេះ នារីជាប់​សង្ស័យ​រូប​នេះ បានបញ្ជាក់ប្រាប់​​សមត្ថកិច្ច ​ថា ៖ ​រូប​នាង ​គ្រាន់តែ​ជួយ​បង្ហោះ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម ដើម្បី​លក់​ឧបករណ៍​ខាងលើ​នេះ​ឲ្យ​ឈ្មោះ ម៉ូ​នី​តា សុខ ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក តែ​ប្រសិនបើ​មាន​អ្នក​កម្ម​ង់​ទិញ ខ្លួន​នឹង Chat ទៅ Facebook មានឈ្មោះ Monita Sok ដើម្បី​ទទួល​ឥ​វ៉ា​ន់​យក​មក​លក់​បន្ត ខណៈ​ជាក់ស្ដែង នាង​ពុំ​ទាន់​ទទួល​បាន​ឧបករណ៍​នោះ​នៅឡើយ​ទេ​»​ ៕