ខេត្តបាត់ដំបង៖ កូនតិរច្ឆានម្នាក់គ្រាន់តែឪពុកប្រដែរប្រដៅបន្ដិចបន្ទួច ស្រាប់តែផ្ទុះកំហិងស្ទុះទៅវាយទាត់ធាក់ឪពុក រួចហើយមិនអស់ចិត្ត ថែមទាំងកេះដែកកេះដុតផ្ទះឲ្យឆាបឆេះ បង្កឲ្យមានឲ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញឡានទឹកមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ជិត១ម៉ោងទើបរលត់ទៅវិញ ហើយកូនចិត្តតិរច្ឆាននោះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗដែរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧កន្លះព្រឹកថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២៦០ ក្នុងភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្តុលដូនទាវ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ និងជាឪពុក ឈ្មោះ គ្រុយ គឹមអេង ភេទប្រុស អាយុ៧១ឆ្នាំ ។ ចំណែកជនសង្ស័យជាកូនតិរច្ឆាន ឈ្មោះ អេង រតនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ផ្ទះដែលកូនតិរច្ឆានដុតបំផ្លាញនោះជាប្រភេទផ្ទះល្វែង ស្ថិតក្នុងបុរីរស្មីបាត់ដំបង ។

មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ផ្ទះ និងជាឪពុកបានប្រដែរប្រដៅជនសង្ស័យជាកូន មិនឲ្យដើរលេងច្រើនពេក តែកូនមិនស្តាប់ ហើយបង្កជម្លោះជាមួយឪពុក ហើយស្ទុះទៅវាយទាត់ធាក់ឪពុក រួចហើយមិនអស់ចិត្ត ថែមទាំងកេះដែកកេះដុតផ្ទះឲ្យឆាបឆេះ បង្កឲ្យមានឲ្យការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង អន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន និងបានឃាត់ខ្លួនជនសង្ស័យជាកូនតិរច្ឆានរូបនេះយកទៅចាត់ការតាមច្បាប់ ៕