ភ្នំពេញ៖ មនុស្សមិនស្គាល់អត្តសញ្ញាណមួយក្រុមជិះរថយន្តពីរគ្រឿង បានធ្វើសកម្មភាពបាញ់ជិត១០គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល បណ្ដាលឲ្យស្រ្តីម្នាក់ភ័យខ្លាំងពេកដួលសន្លប់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនស៊ីវិលមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នាជិត១០នាក់ ជិះរថយន្តពីរគ្រឿងមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស និងមួយគ្រឿងទៀតម៉ាក Camry ពណ៌ស (មិនចាំស្លាកលេខទាំងពីរគ្រឿង) បានចុះពីរថយន្តដើរសំដៅទៅកន្លែងប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នា ហើយទាញកាំភ្លើងបាញ់ឡើងលើអស់ជិត១០គ្រាប់ បណ្ដាលឲ្យប្រជាពលរដ្ឋកំពុងអង្គុយជុំគ្នានោះភិតភ័យ រត់ជាន់ជើងគ្នា ហើយស្រ្តីម្នាក់បានដួលសន្លប់ ។ ភ្លាមៗជនដៃដល់បានដើរមកសួរជនរងគ្រោះថា៖ ងាប់នៅ? រួចក៏នាំគ្នាឡើងជិះរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកន្លែងកើតហេតុ ប្រមូលសំបកគ្រាប់កាំភ្លើង រួចធ្វើការសាកសួរអ្នកដែលឃើញហេតុការណ៍ ដើម្បីកំណត់មុខសញ្ញាជនដៃដល់ផងដែរ៕