រាជធានីភ្នំពេញ ៖ កុ្រមគ្រូពេទ្យយោធាចិនជំនាញបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ចំនួន៤នាក់ ក្នុងនោះមានពេទ្យស្ត្រីម្នាក់ បានធ្វើដំណើរមកដល់កម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ដើម្បីជួយបង្រៀនដល់ពេទ្យយោធាកម្ពុជា ។

មន្ត្រីយោធា នៅក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកថា តាមកម្មវិធីគ្រោងទុកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ គ្រូពេទ្យឯកទេសយោធាចិនទាំង៤នាក់ នឹងចូលជួបសំណេះសំណាលជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ហើយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ គ្រូពេទ្យឯកទេសយោធាចិន នឹងចូលរួមបើកវគ្គហ្វឹកហ្វឺននៅមន្ទីរពេទ្យព្រះកេតុមាលា។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យជំនាញខាងព្យាបាលជំងឺកូវីដ១៩ របស់ចិនចំនួន៧នាក់ បានមកដល់ប្រទេសកម្ពុជា និងនាំយកសម្ភារៈបរិក្ខារពេទ្យមកជាមួយផងដែរ ដើម្បីចែករំលែកបទពិសោធន៍ក្នុងការព្យាបាលជំងឺកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជា៕