ឡាវ៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ គណៈកម្មាធិការក្រុមការងារពិសេសសម្រាប់ការការពារនិងត្រួតត្រា Covid-19 បានប្រកាសនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃនេះថា ប្រទេសឡាវបានរកឃើញករណីថ្មីចំពោះអ្នកឆ្លង Covid-19​ ចំនួន៣នាក់បន្ថែមទៀត ដែលធ្វើចំនួនអ្នកឆ្លងសរុបកើនដល់៦នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Laotiantimes

​អ្នកជំងឺពីរនាក់ដែលបានធ្វើតេស្តិ៍វិជ្ជមាននៃវីរុស Covid-19 នោះគឺអ្នកបើកបររថយន្ត អាយុ៤២ និងអាយុ៥២ឆ្នាំ។ បុរសទាំងពីរនាក់នេះមកពីហ្លួងព្រះបាងដែលជាទីក្រុងល្បីខាងឧស្សាហកម្មទេសចរណ៍។

ករណីទី ៣ ត្រូវបានរកឃើញនៅថ្ងៃនេះគឺបុរសម្នាក់ មកពីសង្កាត់ស៊ីឈូផុងក្រុងវៀងចន្ទន៍ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីទីបីរបស់ប្រទេសនេះបានប្រកាសកាលពីម្សិលមិញ។

គួរជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ប្រទេសឡាវ មានករណីឆ្លងនៃ Covid-19 ចំនួន៦ករណីហើយ ៕