ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីជូនដំណឹងរួមគ្នាមួយ បង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងខ្ពស់ ក្នុងការបន្ដបម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ជូនដល់អតិថិជន និងសាធារណជនគ្រប់ពេលវេលា និងគ្រប់ស្ថានភាពទាំងអស់។

ក្នុងការចេញសេចក្ដីជូនដំណឹងបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នេះគឺធ្វើឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងជួបការលំបាកក្នុងបញ្ហាប្រាក់កាក់ នៅក្នុងអំឡុងពេលមានការរាលដាលវីរុស Covid-19​។

យោងតាមសេចក្ដីប្រកាសឲ្យដឹងថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បម្រើសេវាកម្មធនាគារ និងហិរញ្ញវត្ថុជូនដល់អតិថិជន និងសាធារណជន តាមរយៈហេដ្ឋារចនាសម្ព័ន៤ដូចជា៖

១៖ សាខា-ការិយាល័យរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បើកបម្រើសេវាជូនអតិថិជន និងសាធារណជននៅរៀងរាល់ម៉ោងធ្វើការទូទាំងប្រទេស ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។ ក្នុងនោះក៏មានគ្រឹះស្ថានធនាគារពាណិជ្ជមួយចំនួន មានផ្ដល់សេវាបន្ថែមរហូត ដល់ព្រឹកថ្ងៃសៅរ៍ផងដែរ។

២៖ សេវាកម្មធនាគារអេឡិចត្រូនិក មានម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតកាត ដែលមានបម្រើសេវាជូនអតិថិជន២៤ម៉ោង ក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្ដាហ៍។

៣៖ សេវាកម្មធនាគារ អ៊ីនធើណេត៖ អតិថិជន និងសាធារណជនអាចប្រើប្រាស់ សេវាកម្មធនាគារ អ៊ីនធើណេត ដោយខ្លួនឯងបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

៤៖ សេវាកម្មធនាគារឌីជីថល តាមទូរស័ព្ទដៃ៖ អតិថិជន និងសាធារណជនអាចប្រើប្រាស់ សេវាកម្មធនាគារឌីជីថល តាមទូរស័ព្ទដៃដោយខ្លួនឯង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ៕