ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ រាជរដ្ឋាភិបាល ឈាង វ៉ន កើតឡើងមិនបានប៉ុន្មានខែផង យ៉ែម សំបូរ ជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកនគរបាលជាតិ បានបំផ្លាញឯកសារសំខាន់ៗជាច្រើន ដែលទាក់ទងរឿងអាស្រូវនៃផ្សារងងឹត របស់តំណាងរាស្ត្រប្រជាធិបតេយ្យមួយចំនួន ធ្វើឲ្យ ឈាង វ៉ន ជានាយករដ្ឋមន្ត្រី មានការខឹងសម្បានឹងរឿងនេះយ៉ាងខ្លាំង រហូតដល់មានការទាមទារឲ្យចាប់ខ្លួន យ៉ែម សំបូរ តែមិនបានសម្រេច ។

ពេលនោះសឺន សាន , ថុន អ៊ុក និងស៊ឹម វ៉ា ជាដើម ដែលស្ថិតនៅក្នុងជួរមេដឹកនាំគណបក្សប្រជាធិបតេយ្យ បាននាំគ្នាគាំទ្រនាយករដ្ឋមន្ត្រីឈាន វ៉ន ដែលជាបញ្ញវន្ដ ចេញពីប្រភពគ្រួសារកសិករ ។ ឯលោកយ៉ែម សំបូរ និងមន្ត្រីចាស់ៗមួយចំនួនក្នុងសមាសភាពគណៈរដ្ឋមន្ត្រីរបស់ទ្រង់យុត្តិវង្ស ពីមុន ពួកគេយល់ថា អ្នកគាំទ្រឈាន វ៉ន បានប្រមាថមើលងាយពួកខ្លួនទៅវិញ ទើបបណ្ដាលឲ្យមានបញ្ហាចម្រូងចម្រាសនឹងគ្នា រហូតក្រុមយ៉ែម សំបូរ កៀងគរប្រមូលបក្ខពួកជាតំណាងរាស្រ្តនៅក្នុងសភា ផ្ដួលរំលំរាជរដ្ឋាភិបាលឈាន វ៉ន ដោយមានការគាំទ្រពីតំណាងរាស្រ្តមកពីគណបក្សប្រឆាំងតូចៗពីរទៀត គឺគណបក្សសេរីភាព របស់ព្រះអង្គម្ចាស់នរោត្ដម នរិន្ទដេត និងគណបក្សប្រជាធិបតេយ្យចម្រើនជឿនលឿន របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ម៉ុងតាណា ។

ក្រោយពីរាជរដ្ឋាភិបាលឈាង វ៉ន ត្រូវដួលរំលំនៅពាក់កណ្ដាលខែសីហា ឆ្នាំ ១៩៤៨ ប៉ែន នុត ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងសារព័ត៌មាន ដឹកនាំរដ្ឋាភិបាលថ្មីមួយទៀត ដោយមានសឺន សាន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច ។ ឯឈាន វ៉ន បានធ្លាក់ពីតំណែងពីនាយករដ្ឋមន្ត្រី មកនៅជារដ្ឋមន្ត្រីក្រសួងការពារជាតិ , សុន វ៉ឺនសៃ ជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងសាធារណការ , ហ៊ុយ កន្ធុល ជារដ្ឋមន្ត្រីអប់រំ កីឡា និងយុវជន , មៀច គន្ធ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ , ម៉ម សុន ជារដ្ឋមន្ត្រីក្រសួងសុខាភិបាល សង្គមកិច្ច , យិត ស្រ៊ុន រដ្ឋមន្ត្រីធម្មការ និងវិចិត្រសិល្បៈ , ទេព ផន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ , ងិន ការ៉េត ជារដ្ឋលេខាធិការក្រសួងសាធារណការ និង ថុល អ៊ុក ជារដ្ឋលេខាក្រសួងព័ត៌មានដដែល ។

ចំណែក យ៉ែម សំបូរ ដែលជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកនគរបាលជាតិ ជាអ្នកប្រឆាំងនឹងឈាន វ៉ន នោះ បាត់ឈ្មោះក្នុងសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនេះ ៕