ខេត្តរតនគិរី ៖ ភូមិចំនួន៧ នៅមេឃុំសេដា និងមេឃុំប៉ាតេ ត្រូវអាជ្ញាធរសម្រេចបិទមិនឲ្យប្រជាពលរដ្ឋ មិនស្គាល់មុខចេញចូលនោះឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
មេឃុំទាំង២ខាងលើ បញ្ជាក់ថា ការសម្រេចបិទភូមិនេះ បានធ្វើឡើងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងតាមការស្នើរបស់ប្រជាពលរដ្ឋក្នុងភូមិនោះតែម្ដង។

លោកអង ប៊ុនធៀង មេឃុំសេដា បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ នេះ ថា ការបានសម្រេចបិទចំនួន៣ភូមិ គឺភូមិប៉ម ភូមិថ្មី និងភូមិឡិក កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយការបិទនេះ កុំឲ្យភ្ញៀវចេញចូលច្រើនពេក ព្រោះការចម្លងជំងឺយើងមើលមិនឃើញនោះទេ។ ចំណែកភូមិធំៗ ដូចជាភូមិប៉ាទាត់ ភូមិសាមុត្រលើ ភូមិសាមុត្រក្រោម ជាប់នៅផ្លូវធំ មិនមានការបិទទេ មានរថយន្តចរាចរចេញចូលធម្មតា។

ដោយឡែក លោកឆាយ ធី មេឃុំប៉ាតេ បានបញ្ជាក់ដែរថា ការបិទចំនួន៤ភូមិ គឺភូមិគងធំ ភូមិគងយុក ភូមិប្លង់ និងភូមិប្អរ ហើយការសម្រេចបិទនេះ ដើម្បីបង្ការអ្នកចម្ងាយ ហើយយើងត្រួតពិនិត្យអ្នកដំណើរ ជាពិសេសអ្នកមកពីថៃតែម្ដង។
ការបិទនេះ ធ្វើតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដែលកន្លងមកបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ហើយឃុំរបស់លោកបានអនុវត្តរួចហើយ ចំណែកពិធីមង្គលការ ក៏បានឯកភាពគ្នារួចហើយ ។ តែការបិទនេះ មិនមែនបិទចរាចរទាំងស្រុងនោះទេ នៅតែចេញចូលបាន គ្រាន់តែរឹតបន្តឹងការត្រួតពិនិត្យមើលអ្នកដំណើរថា តើគាត់មកពីណា ពីចម្ងាយ ឬមុខប្លែកអីជាដើម យើងសួរនាំគាត់ មិនឲ្យគាត់ចូលឃុំ ដើម្បីបង្ការការឆ្លងជំងឺកូវីដ៕