ខេត្តកណ្ដាល៖ គ្រាន់តែប្អូនស្រីបន្ទោសថាមើលទូរទស្សន៍បើកសំឡេងឮខ្លាំងពេក បុរសម្នាក់បានឈ្លោះប្រកែកគ្នាជាមួយប្អូនស្រី លុះឪពុកមកឃាត់ កូនប្រុសទុរយសកូ វាយឪពុកឱ្យរងរបួស ហើយទាញកាំបិតកណ្ដៀវមុតស្រួច ដេញកាប់ប្អូនស្រីផ្អើលពេញភូមិ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រែកឫស្សី ឃុំកំពុងកុង ស្រុកកោះធំ ។
ជនរងគ្រោះត្រូវជាឪពុកបង្កើតឈ្មោះ ស្តើង ធូ អាយុ៥៩ឆ្នាំ មុខរបរកសិករ រងរបួសភ្នែកខាងស្តាំ។ រីឯជនសង្ស័យឈ្មោះ ធូ សីហា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះជាមួយជនរងគ្រោះ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ធូ សីហា មើលទូរទស្សន៍តាំងពីព្រឹករហូតទល់ល្ងាច ដោយបើកសំឡេងឮៗខ្លាំងៗ ប្អូនស្រីឈ្មោះ ធូ ស្រីវីន បានប្រាប់ឱ្យបិទទស្សន៍។
ពេលនោះជនសង្ស័យខឹង ក៍បោចឌុយទូរទស្សន៍ចោលខ្ទេចខ្ទីអស់ និងឈ្លោះប្រកែកគ្នា ។ បន្តិចក្រោយមក ជនរងគ្រោះជាឪពុកបង្កើតឈ្មោះ ស្តើង ធូ ក៏ដើរមកដល់ បានស្តីបន្ទោសទៅជនសង្ស័យ តែជនសង្ស័យមិននិយាយតបទៅឪពុកវិញទេ គឺបានដើរចេញទៅក្រៅបាត់ទៅ។ លុះម៉ោង១៥៖៣០នាទី ជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៍វាយជនរងគ្រោះជាឪពុកមួយដៃចំភ្នែកខាងស្តាំ បណ្តាលឱ្យជាំភ្នែក ហើយបានទាញកាំបិតកណ្ដៀវដេញកាប់ប្អូនស្រីឈ្មោះធូ ស្រីវិន ម្នាក់ទៀត ប៉ុន្តែបានអ្នកជិតខាងជួយឃាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍កំពង់កុង បានឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការការតាមនីតិវិធី៕