ខេត្តកណ្តាល ៖ ពលរដ្ឋចំនួន៤នាក់ ក្នុងចំណោម១៩នាក់ នៅភូមិថ្កុល (ចំណុចពាមសូរ) ឃុំត្រើយស្លា ស្រុកស្អាង ដែលទើបវិញត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ ត្រូវបានសង្ស័យថា មានផ្ទុកជម្ងឺកូវីដ១៩ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក នៅក្នុងមណ្ឌលសុខភាពឃុំត្រើយស្លា ។

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ម្សិលមិញ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងលោកស្នងការរងបានអញ្ជើញចុះមកពិនិត្យ ហើយបានសហការជាមួយអាជ្ញាធរស្រុក ឃុំ និងក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពត្រើយស្លា ចាត់ចែរថយន្តសាមុយមន្ទីរពេទ្យបង្អែកស្រុកស្អាង និងរថយន្តសាមុយមណ្ឌលសុខភាពតាលន់ ដឹកពលរដ្ឋ៤នាក់ (ស្រី៣នាក់) ដែលសង្ស័យផ្ទុកជំងឺកូវីដនេះ បញ្ជូនទៅមន្ទីរសុខាភិបាលខេត្ត ដើម្បីយកសំណាកទៅពិនិត្យឲ្យច្បាស់លាស់ ។
ដោយឡែកមនុស្ស១៥នាក់ទៀត ដែលទើបត្រឡប់មកពីប្រទេសថៃដែរនោះ ក៏ត្រូវបានបញ្ជូនទៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដែលជាគោលដៅត្រៀមទុករបស់រដ្ឋបាលខេត្ត ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃសិន ។

លោកស្នងការនគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីមានពលករជាច្រើននាក់វិលត្រឡប់មកកម្ពុជាវិញ គ្រាដែលភាគីថៃបិទច្រកទ្វារព្រំដែន ។ លោកបានឲ្យលោកអធិការតាមបណ្តាស្រុក ជាពិសេសនគរបាលប៉ុស្តិ៍ចុះធ្វើបច្ចុប្បន្នភាព រកបងប្អូនប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីធ្វើពលករនៅប្រទេសថៃ ដើម្បីនាំពួកគាត់ទៅពិនិត្យសុខភាព ក្នុងគោលបំណងបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។ បន្ទាប់ពីធ្វើការស្រាវជ្រាវតាមភូមិនីមួយៗ នគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា បានរកឃើញមនុស្សចំនួន១៩នាក់ នៅភូមិថ្កុល (ចំណុចពាមសូរ) ដែលទើបវិលត្រឡប់ពីប្រទេសថៃ ហើយក្នុង១៩នាក់នោះ គឺមាន៤នាក់សង្ស័យផ្ទុកជំងឺកូវីដ១៩ ក៏សម្រេចនាំយកទៅស្នាក់នៅក្នុងមណ្ឌលសុខភាពឃុំត្រើយស្លាមួយយប់ ។ ដោយឡែកមនុស្ស១៥នាក់ដែលរស់នៅក្នុងភូមិជាមួយទើបវិញត្រឡប់ពីប្រទេសថៃដែរនោះ ក៏ត្រូវបានបញ្ជូនទៅកាន់វិទ្យាល័យ ហ៊ុន សែនតាខ្មៅ ដើម្បីដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ៕


ខាងក្រោមនេះ ជាសកម្មភាពក្រុមគ្រូពេទ្យយករថយន្តសាមុយ ទៅដឹកពលរដ្ឋទាំង៤នាក់ នៅឃុំត្រើយសា្ល ដែលសង្ស័យផ្ទុកជំងឺកូវីដ យកពិនិត្យសំណាក ៖