រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា​នេះ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ចុះ​ប្រតិបត្តិការ​ឆែកឆេរ នៅ​តាម​ឱសថស្ថាន​នានា​ពិសេស​ឱសថស្ថាន​ធំ​ៗ​ចំនួន​៤​ទីតាំង រួម​មាននៅ​ម្តុំ​ផ្សារ​អូ​ឡាំ​ពិ​ក ម្តុំ​ផ្សារ​តា​ប៉ា​ង ផ្សា​ទំនើប​ម៉ា​ក្រូ និង​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ដើម្បី​ស្វែ​ករក​នូវ​ផលិតផល ម៉ាស់ និង​អាកុល សម្រាប់​លាង​សំអាត​ដៃ ដែល​គ្មាន​គុណភាព និង​លក់​ក្នុង​តម្លៃ​ថ្លៃ ជូន​ដល់​ប្រជាពលរដ្ឋ ឆ្លៀតឱកាស​ដែល​វីរុស​កូ​វី​ដ​១៩ (COVIT-19) កំពុង​រីក​រាលដាល​នេះ ។

នេះ​បើ​យោង​តាម​ផេ​ក​ទូរទស្សន៍​ជាតិ​កម្ពុជា អោយ​ដឹង​ថា ស្រប​ពេល​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​នាំ​យក​នូវ​អាកុល និង​ម៉ាស់​មួយ​ចំនួន មក​ធ្វើការ​ពិសោធន៍ និង​បាន​ធ្វើការ​ណែនាំ​អោយ​ម្ចាស់​ទីតាំង ឱសថស្ថាន រឺ​ហ្វា​ម៉ា​ស៊ី​ទាំងអស់ ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ តាម​រយៈ​ការ​លក់​នៅ​ផលិតផល​ដែល​មានគុណ​ភាព និង​មាន​យីហោ ច្បាស់លាស់ ជាមួយ និង​ការ​រក្សា​តម្លៃ​អោយ​បាន​សមរម្យ ដើម្បី​ជា​ការ​ចូលរួម ចំណែក​ជួយ​ដល់​ប្រជាពលរដ្ឋ ប្រយុទ្ធ​ប្រឆាំង បង្ការ ទប់ស្កាត់ នូវ​វីរុស​កូ​វី​ដ​១៩ COVIT-19 ដែល​កំពុង​រីក​រាលដាល​នៅ​កម្ពុជា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឱសថស្ថាន​ដែល​លក់​ម៉ាស​សង្កត់ក​ពលរដ្ឋ ថ្លៃ​ហួសហេតុ​ប្រឈម​នឹង​ការ​បិទ​អាជីវកម្ម លែង​ឲ្យ​ដំណើរការ​រកស៊ី​អស់​មួយ​ជីវិត !

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​ជូន​ជា​សាធារណជន​ថា សម្តេច​កំពុង​សិក្សា​លើ​វិធានការ​ច្បាប់​ដើម្បី​ដាក់​បទបញ្ជា​រឹបអូស​ម៉ាស់​ដែល​កំពុង​លក់​ក្នុង​តម្លៃ​ថ្លៃ​ខ្ពស់​ហួសហេតុ​សង្កត់ក​ប្រជាពលរដ្ឋ​នៅ​តាម​ទីផ្សារ និង​ឱសថស្ថាន​មួយ​ចំនួន ហើយ​ឈាន​ទៅ​បិទ​ឱសថស្ថាន​ទាំងនោះ​លែង​ឲ្យ​ដំណើរការ​រកស៊ី​អស់​មួយ​ជីវិត ។

សម្តេច​ថ្លែង​បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២៥ ខែ មីនា ឆ្នាំ​២០២០ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​យុវ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចំនួន ៤២២​នាក់ នៅ​វិមាន​សន្តិភាព មុន​ចេញ​ហ្វឹកហ្វឺន និង​បំពេញបេសកកម្ម​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទប់ស្កាត់​ជំងឺ​កូ​វី​ឌ​-១៩ (COVID-19) ។

វិធានការ​ដ៏​តឹង​រឹង​នេះ គឺ​ដើម្បី​កុំអោយ​ឱសថស្ថាន​ទាំងនោះ​ដំឡើង​ថ្លៃ​ម៉ាស់​លក់​សង្កត់ក​ពលរដ្ឋ​តទៅ​ទៀត​ជា​ពិសេស​នៅ​ក្នុង​ស្ថានភាព​ដែល​ប្រទេស​ជាតិ​កំពុង​ប្រ​យុ​ទ្ឋ​ប្រឆាំង​នឹង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ឌ​-១៩ ៕