ខេត្តស្វាយរៀង៖ ជនជាតិចិនសរុបចំនួន១៧៤នាក់ ក្នុងនោះមានស្រ្តីចំនួន៣៧នាក់ ដែលធ្វើដំណើរតាមរថយន្តក្រុងមកចុះនៅចំណុចខាងមុខសណ្ឋាគារ និងកាស៊ីណូ ជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែមីនានោះ ត្រូវសមត្ថកិច្ចនាំមកសាកសួរនៅសាលាក្រុងបាវិត ហើយបានយកពួកគេទៅដាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងសណ្ឋាគារ“អ៊ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ស្ថិតនៅក្នុងទីក្រុងបាវិត ដើម្បីងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ១៩(COVID-19)។

នេះបើតាមលោកកែ រដ្ឋា ប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ មានជនជាតិចិនប្រមាណជិត២០០នាក់បានធ្វើដំណើរពីទិសខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារ និងកាស៊ីណូ ក្នុងក្រុងបាវិត បំណងចូលស្នាក់នៅក្នុងសណ្ឋាគារ និងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារ និងកាស៊ីណូ មិនអនុញ្ញាត ហើយបានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច។

បន្ទាប់មក អាជ្ញាធរក្រុងបាវិត បានសហការជាមួយកម្លាំងនគបាលអន្តោប្រវេសន៍ខេត្ត និងនគបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ចុះទៅឃាត់និងបញ្ជូនជនជាតិចិនទាំងជិត២០០នាក់មកដាក់ឲ្យស្នាក់នៅក្នុងសាលាក្រុងបាវិត នៅអធិការដ្ឋាននគបាលក្រុងបាវិត និងទីបញ្ជាការកងរាជអាវុធហត្ថក្រុងបាវិត ដើម្បីសាកសួរ។

លុះដល់នៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២០ ក្រុមមន្ត្រីសុខាភិបាលបានពិនិត្យ និងធ្វើចត្តាឡីសក័រហូតដល់ម៉ោង១១និង៣០នាទីព្រឹក ពុំទាន់រកឃើញមានសញ្ញាអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីវីរុសកូវីដ-១៩ទេ តែយ៉ាងណានោះ សមត្ថកិច្ចបានធ្វើការយាមកាម ដោយដាក់ខ្សែពទ្ធ័ជុំវិញទីតាំងទាំងបី ចម្ងាយ៣០ម៉ែត្រ ពីរបងផងដែរ ៕