ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានប្រកាសថា នឹងប្រឹងប្រែងជួយកម្ពុជាគ្រប់យ៉ាង ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលវីរុស កូវីដ១៩ និងជួយកម្ពុជាយកឈ្នះជំងឺរាតត្បាត កូវីដ១៩ ឲ្យទាល់តែបាន ព្រោះតែកម្ពុជាបាន បង្ហាញការគាំទ្រដល់រដ្ឋាភិបាលចិនក្នុងគ្រាប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ដ៏លំបាកកន្លងមក។

លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានអះអាងបែបនេះនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី២៣ មីនា នៅទីក្រុងប៉េកាំង។
លោក Geng Shuang បានបញ្ជាក់ដែរថា៖«ឥឡូវនេះកម្ពុជា កំពុងប្រឈមមុខនឹងការទប់ស្កាត់វីរុសកូវីដ១៩ ដ៏កាចសាហាវ។ ដូច្នេះវាមិនត្រឹមតែ អាចនិយាយបានថា ចិននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីជួយកម្ពុជាទេ ហើយក៏មិនគ្រាន់តែជាតំណាងនៃទំនាក់ទំនងទ្វេភាគីពិសេសដែរ ប៉ុន្តែវាពិតជាសាកសមណាស់ សម្រាប់មិត្តភាពដែកថែបនៅក្នុងសហគមន៍វាសនារួមគ្នាតែមួយ។ ចិននឹងបន្តធ្វើការរួមគ្នាជាមួយកម្ពុជា ដើម្បីយកឈ្នះលើការរាតត្បាតនៃវីរុសកូវីដ១៩ នេះជាពិសេស រួមចំណែកដល់សន្តិសុខសុខភាពសាធារណៈក្នុងតំបន់ទៀតផង»។

រដ្ឋាភិបាលចិនបានបញ្ជូនក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ ៧ នាក់មកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី២៣ មីនា ២០២០ ជាមួយនឹងជំនួយជាសម្ភារបរិក្ខារពេទ្យ ជាច្រើនរួមមានឧបករណ៍ធ្វើតេស្ត, ឧបករណ៍ដកដង្ហើម N95, របាំងវះកាត់, ឯកសណ្ឋានដែលធន់នឹងអង្គធាតុរាវ និង អាវធំសម្រាប់វះកាត់ជាដើមដើម្បីជួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃការផ្ទុះឡើងជំងឺ កូវីដ១៩។

កាលពីដើមខែកុម្ភៈ ឆ្នាំ ២០២០ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចរយៈពេលខ្លីនៅប្រទេសចិន ខណៈមេរោគកូវីដ១៩ បានវាយប្រហារយ៉ាងខ្លាំងនៅទីក្រុងវូហាន ក្នុងគោលបំណងបង្ហាញនូវសាមគ្គីភាពជាមួយរដ្ឋាភិបាលចិន ក៏ដូចជាប្រជាជនចិន នៅក្នុងគ្រាលំបាកនិងពង្រឹងនូវស្មារតីនិងជំនឿចិត្ត សម្រាប់ប្រជាពលរដ្ឋនិងនិស្សិតកម្ពុជារស់នៅនិងសិក្សានៅប្រទេសចិន ដើម្បីលើកទឹកចិត្តពួកគេឲ្យបន្តស្នាក់នៅតស៊ូជាមួយប្រជាពលរដ្ឋចិន ៕