រាជធានីភ្នំពេញ ៖ គិតត្រឹមម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជាយើងរកឃើញអ្នកជំងឺ សរុបទាំងអស់ចំនួន៩៦ករណី ហើយក្នុងនោះ ក្រុមគ្រូពេទ្យខ្មែរបានខិតខំប្រឹងប្រែព្យាបាល រហូតបានជាសះស្បើយ ចំនួន១០នាក់ អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះ និងស្រុកកំណើតវិញ។

យោងតាមហ្វេសប៊ុកផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបង្ហោះកាលពី១០ម៉ោងមុន មានខ្លឹមសារថា « រហូតម៉ោង ៩:៣០យប់ ថ្ងៃទី២៥ មីនា ២០២០ យើងរកឃើញអ្នកជំងឺ COVID-19 ៥នាក់ (បារាំង២ ខ្មែរ៣) សរុបទាំងអស់ប្រទេសយើងមានចំនួន៩៦ករណី និង យើងបានព្យាបាលជាសះស្បើយចំនួន៤នាក់ទៀត ស្លាប់គ្មាន សូមអានតារាងខាងក្រោម។ យើងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថា មានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥»។

សូមបញ្ជាក់ថា នៅយប់ថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យកើនឡើងសរុប៩១នាក់ហើយ ក្នុងនោះចំនួន៦នាក់ ត្រូវបានក្រុមគ្រូពេទ្យជំនាញព្យាបាលបានជាសះស្បើយ។
គ្រូពេទ្យជំនាញខ្មែរធ្វើការព្យាបាលបានចំនួន៦នាក់ហើយ គឺមានបុរសជាជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ , ស្រ្តីជនជាតិអង់គ្លេស នៅរាជធានីភ្នំពេញ, បុរសខ្មែរ២នាក់ នៅខេត្តបាត់ដំបង និង២នាក់ទៀត នៅខេត្តត្បូងឃ្មុំ ៕