បរទេស៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា​ ឆ្នាំ២០២០ អ៊ីតាលី បានប្រកាសមានអ្នកថ្មីស្លាប់ដោយសារ Covid-19 ចំនួន៦៨៣នាក់​ ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​កើន​ដល់៧ ៥០៣នាក់។ ដែលនេះគឺជាតួរលេខស្លាប់តិចជាងកាលពីថ្ងៃម្សិលមិញ ប៉ុន្តែទោះជាយ៉ាងណាក៏វានៅតែជាអត្រាស្លាប់ខ្ពស់ជាងគេនៅលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

បើ​ទោះ​ជា​ស្ថានភាព​រាតត្បាត និង​ស្លាប់​ដោយ​សារវីរុស​ Covid-19 នៅ​អ៊ីតាលី កំពុង​តែ​ធ្ងន់​ធ្ងរ​ខ្លាំង​ក៏​ពិត​មែន ប៉ុន្តែ​ក្រុម​គ្រូពេទ្យ ក៏​ដូច​ជា​រដ្ឋាភិបាល ទទួល​បាន​ក្តី​សង្ឃឹម នឹង​ស្រោច​ស្រង់​ស្ថានការណ៍​ឲ្យ​ប្រសើរ​ឡើង​វិញ ក្រោយ​តួលេខ​ឆ្លង បាន​កំពុង​ធ្លាក់​ចុះ​ជាង​ពេល​មុនៗ។

ផែន​ការ​រឹត​បន្តឹងតាម​ទី​សាធារណៈ​ទូទាំង​ប្រទេស នឹង​ត្រូវ​ដល់​ឱសានវាទ​នា​ល្ងាច​ថ្ងៃ​ពុធកាលពីម្សិលមិញនេះ ប៉ុន្តែ​រដ្ឋាភិបាល​អ៊ីតាលី រំពឹងថា​នឹង​បន្ត​បម្រាម​នេះ​រយៈ​ពេល​ជា​ច្រើន​សប្ដាហ៍ ឬ​ច្រើន​ខែ​ទៅ​មុខ​ទៀត ដើម្បី​ស្រោច​ស្រង់​អ៊ីតាលី ចេញ​ផុត​ពី​ស្ថាន​ភាព​លំបាក​នេះ​បាន។

គួរជម្រាបថា គិតត្រឹមម៉ោង៦និង ២០នាទី ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា​ ឆ្នាំ២០២០នេះអ៉ីតាលី មានអ្នកស្លាប់សរុបចំនួន៧ ៥០៣នាក់ ខណៈអ្នកឆ្លងបានកើនដល់៧៤ ៣៨៦ ហើយចំណែកអ្នកដែលត្រូវបានព្យាបាលជាសះស្បើយមានចំនួន៩ ៣៦២ផងដែរ ៕