ខេត្តពោធិ៍សាត់៖ ជនសង្ស័យម្នាក់បង្កហឹង្សាក្នុងគ្រួសារ និងដេញចាក់អ្នកភូមិ ខណៈនោះកម្លាំងនគរបាលប៉ុស្ដិ៍ ចុះអន្ដរាគមន៍ ជនសង្ស័យយកកាំបិតចិតត្នោត ស្ទុះមកចាក់នាយរងប៉ុស្ដិ៍ ចំនួន២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ហូរឈាមស្រោចជោកខ្លួន ។

ហេតុការណ៍ចាក់នាយរងប៉ុស្ដិ៍ ចំនួន២កាំបិតនេះ បានកើតឡើងនៅវេលាម៉ោង៧ និង២០នាទី ព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ។
ជនរងគ្រោះឈ្មោះ សើច កុសល មានតួនាទីជានាយរងប៉ុស្តិ៍។
តាមរបាយការណ៍នគរបាលប៉ុស្តិ៍ បានឲ្យដឹងថា មុនពេលកើតហេតុ លោកនាយប៉ុស្ដិ៍ បានទទួលព័ត៌មានថា មានករណីហឹង្សាក្នុងគ្រួសារ និងដេញចាក់អ្នកភូមិ ពេលនោះលោកនាយប៉ុស្ដិ៍ បានបញ្ជាកម្លាំងចំនួន៤នាក់ ដឹកនាំដោយលោកសើច កុសល នាយរងប៉ុស្តិ៍(ជនរងរបួស)ឲ្យចុះទៅអន្តរាគមន៍។ លុះចុះទៅដល់កន្លែងកើតហេតុ ជនសង្ស័យកាន់កាំបិតចិតត្នោតគ្រវី កុំឲ្យនាយរងប៉ុស្ដិ៍ចូល ហើយនាយរងប៉ុស្ដិ៍បាន
ដើរថយក្រោយ ប៉ុន្តែជាអកុសលបានទាក់ជើងដួល ធ្វើឲ្យជនសង្ស័យដៃដល់មានឱកាសស្ទុះមកចាក់ចំនួន២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ហូរឈាមស្រោចជោគខ្លួន បញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានឃាត់ខ្លួន ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញអំពីអត្ដសញ្ញាណនៅឡើយទេ ។
តាមរបាយការណ៍នគរបានប៉ុស្តិ៍ បានឲ្យដឹងថា រហូតដល់ល្ងាចថ្ងៃទី២៣ ខែមីនា ដដែល នាយរងប៉ុស្ដិ៍ ដែលរងរបួសធ្ងន់នោះ បានធូស្រាលបន្តិចហើយ៕