ភ្នំពេញ៖ បុរសពីរនាក់ចូលផឹកស៊ីក្នុងហាងមួយកន្លែង ហើយមានទំនាស់ជាមួយជនដៃដល់១ក្រុមទៀតដែលកំពុងផឹកស៊ីនៅក្នុងហាងនោះដែរ លុះចេញមកវិញ ត្រូវបានក្រុមជនដៃដល់ជិះម៉ូតូជាច្រើនគ្រឿងដេញវាយនិងដុំថ្ម បណ្តាលឲ្យស្លាប់ម្នាក់ ឯម្នាក់ទៀតរត់គេចខ្លួនទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង ៤០ នាទីភ្លឺឈានចូលថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០នេះ នៅចំណុចមុខសាលាមតេយ្យវត្តកោះ តាមបណ្ដោយផ្លូវ៦៣ កែងនឹងផ្លូវ១៧៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សពជនរងគ្រោះជាអ្នកអង្គុយនៅខាងក្រោយឈ្មោះតាំង ម៉េងហួត ភេទប្រុស អាយុជាង២០ឆ្នាំ ធ្វើការនៅហាងអ៊ិនធឺណេត ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ចំណែកម្នាក់ទៀតជាអ្នកបើកម៉ូតូឈ្មោះសំណាង ភេទប្រុស អាយុ១៨ឆ្នាំ គ្មានមុខរបរ ។
តាមប្រភពពីជនរងគ្រោះឈ្មោះសំណាង បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងចូលទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងម្តុំផ្សារសូរិយាម៉ល។ លុះនាំគ្នាផឹកស៊ីបានបន្តិច រូបគេក៍បានមកអង្គុយនៅខាងក្រៅវិញ ដោយឈ្មោះតាំង ម៉េងហួត នៅអង្គុយផឹកស៊ីម្នាក់ឯង។ លុះបានបន្តិចក្រោយមកស្រាប់តែឈ្មោះតាំង ម៉េងហួត បានទាស់ពាក្យសម្តីជាមួយជនដៃដល់មួយក្រុមទៀតដែលនៅក្នុងហាងផឹកស៊ីជាមួយគ្នានោះ ដោយរូបគេ មិនដឹងមានរឿងអ្វីនោះដែរ ។ ពេលឃើញទាស់ពាក្យសម្តីជាមួយក្រុមជនដៃដល់ដូច្នោះ រូបគេក៍ប្រញាប់ប្រញាល់ចូលទៅហៅឈ្មោះតាំង ម៉េងហួត ឲ្យចេញពីហាងផឹកស៊ីនោះ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនដៃដល់មួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំម៉ាក ដេញតាមពីក្រោយ ក្នុងនោះមានម៉ូតូមួយគ្រឿងជិះគ្នាបីនាក់បានមកគៀរម៉ូតូរបស់គេឲ្យដួលរួចបក្ខពួកជនដៃដល់បាននាំគ្នាយកដុំថ្មមកវាយទៅលើឈ្មោះតាំង ម៉េងហួត ចំសៀតផ្កា និងផ្ទៃមុខចំនួនបីដុំថ្មបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែករូបគេបម្រុងចូលទៅជួយដែរ តែត្រូវជនដៃដល់គំរាមថា បើឯងចូលមកជួយ អញនឹងសម្លាញ់ឯងទៀត ធ្វើឲ្យរូបគេភយ័ស្លន់ស្លោ រត់ចេញពីកន្លែងកើតហេតុ ហើយក្រុមជនដៃដល់បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានយកម៉ូតូរងគ្រោះ និងអ្នកបើកបរឈ្មោះសំណាង ទៅប៉ុស្តិ៍នគរបាលបឹងរាំង ដើម្បីសាកសួរបន្ត។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើកោសល្យវិច័យ រួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនដៃដល់ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕