រាជធានីភ្នំពេញ នាថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ) គាំទ្រពីក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុនយាន់តា”) មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា បន្ទាប់ពីបញ្ចប់ដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) របស់ធនាគារកាលពីថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ មានវិនិយោគិនចូលរួមចំនួន ២.១៨០ នាក់ ដែលក្នុងនោះ មានវិនិយោគិនក្នុងស្រុកចំនួន ៩៥.៥៥% និងវិនិយោគិនបរទេសចំនួន ៤.៤៥%។ តម្រូវការចូលរួមដាក់សំណើទិញ និងកំណត់ថ្លៃ (ប៊ុកបៀលឌីង) មានចំនួនច្រើនគួរឲ្យកត់សម្គាល់ ដោយ​តម្រូវការ​សរុបមានចំនួន ៣ដង លើស​ចំនួនភាគហ៊ុ​នដែលបាន​លៃបម្រុងទុកក្នុ​ងដំណាក់កាលប៊ុកបៀលឌីង​។ តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោម តាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល។

ជាថ្មីម្តងទៀត ធនាគារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វិនិយោគិន និងអតិថិជនទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងដំណើរការកំណត់ថ្លៃភាគហ៊ុន (ប៊ុកបៀលឌីង) និងទិញ​ភាគហ៊ុន​របស់ ធនាគារ។
សូមស្វែងរកលទ្ធផលនៃការកំណត់ថ្លៃ (ប៊ុកបៀលឌីង) http://www.acledabank.com.kh/kh/assets/pdf_zip/bookbuildingresult.xlsx
ជាមួយគ្នានេះដែរ ធនាគារ សូមអញ្ជើញ វិនិយោគិនដែលទទួលបានជោគជ័យ និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនបានចូលរួមក្នុងដំណាក់កាលប៊ុកបៀលឌីងទាំងអស់ សូមចូលរួមក្នុងដំណាក់កាលបរិវិសកម្មបន្តទៀត ដើម្បីបញ្ចប់ដំណើរការទិញភាគហ៊ុនរបស់ធនាគារ។ សូមបញ្ជាក់ថា ដើម្បីគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការទប់ស្កាត់ការរីករាលដាលនៃវីរុស covid-19 ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសម្រេចបន្ថែមរយៈពេលនៃការធ្វើបរិវិសកម្ម និងបន្ថែមនូវជម្រើសក្នុងការដាក់សំណើទិញតាមប្រព័ន្ធអនឡាញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលរបស់វិនិយោគិនសាធារណៈ តាមរយៈ គេហទំព័របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី www.acledabank.com.kh ឬ www.acledasecurities.com.kh. ដោយស្វែងរកពាក្យ “សំណើទិញភាគហ៊ុន” ។

ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតនៃដំណើរការបរិវិសកម្ម៖

១.​ កាលបរិច្ឆេទបរិវិសកម្ម ទីតាំង និង នីតិវិធី
ក. កាលបរិច្ឆេទ៖ ថ្ងៃទី ២៤ មីនា ដល់ ២៤ មេសា ២០២០ (ម៉ោង៨:០០ព្រឹក ដល់ម៉ោង៥:០០ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
ខ. ទីតាំង ៖ ទីស្នាក់ការភ្នាក់ងារចែកចាយលក់ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACS) និង បញ្ជរនៅតាមសាខារបស់ធនាគារ អេស៊ីលីដា ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពត ខេត្តស្វាយរៀង និង ខេត្តបន្ទាយមានជ័យ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី (YSC) អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី​ (SBI)
អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យួរឹធី ម.ក (RHB) កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី (CAMPUSEC) ភ្នំពេញ ស៊ីឃ្យួរឹធី ភីអិលស៊ី (PPS) កាណា ស៊ីឃ្យួរឹធី អិលធីឌី (CNS) ។
សម្រាប់ព័ត៌មានបន្ថែមអំពីអាសយដ្ឋានរបស់ភ្នាក់ងារចែកចាយលក់ សូមមើលគេហទំព័រ៖ www.acledabank.com.kh
គ. នីតិវិធី វិនិយោគិនត្រូវមានគណនីជួញដូរនៅក្រុមហ៊ុនមូលបត្រណាមួយដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក.។ វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមបរិវិសកម្ម។ វិនិយោគិនត្រូវដាក់តម្កល់ប្រាក់ចំនួន ១០០% នៃតម្លៃសរុបនៃមូលបត្រដែលមានបំណងធ្វើបរិវិសកម្មទៅក្នុងគណនីបរិវិសកម្មរបស់ធនាគារ អេស៊ីលីដា ដូចខាងក្រោម៖
ឈ្មោះគណនី ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី – គណនីបរិវិសកម្ម
លេខគណនី ៖ 0001-03571769-3-6 (ខ្មែររៀល)
Swift Code ៖ ACLBKHPP

២.ការជូនដំណឹងអំពីលទ្ធផលបរិវិសកម្ម
ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងជូនដំណឹងអំពីលទ្ធផលបរិវិសកម្មជូនវិនិយោគិន បន្ទាប់ពីទទួលបានការអនុម័តពី គ.ម.ក.។
សម្រាប់ព័ត៌មានបន្ថែម៖
គេហទំព័រ៖ www.acledabank.com.kh
ទូរស័ព្ទ៖
ACS : 012 840 125, 015 723 388, 023 723 388, 023 999 966, 023 999 977
YSC : 023 860 801
SBI : 023 999 595
RHB : 023 969 161
CAMPUSEC : 023 999 883
PPS : 023 886 555
CNS : 023 999 887
សូមអាននិងទាញយកឯកសារផ្តល់ព័ត៌មាន តាមរយៈ៖ https://www.acledabank.com.kh/kh/khm/listing-disclosure-documents