កាលី​ហ្វ័​រ​ញ៉ា ៖ លោក Gavin Newsom អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ អោយ​ដឹង​ថា លោក​បាន​ចេញ​បទបញ្ជា​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​ទូ​ទាំង​រដ្ឋ ត្រូវ​ស្នាក់​នៅផ្ទះ​មួយ​កន្លែង ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល នៃ​វីរុស​នេះ ​បើ​តាម NBC news​ចេញផ្សាយនៅថ្ងៃទី២០ មីនា ២០២០ ។

បទបញ្ជា ​នឹង​ចូល​ជា​ធរមាន នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ដដែល​នេះ ទោះជា​យ៉ាងណា ពលរដ្ឋ​អា​មេ​រិ​ក​អាច​ចាក​ចេញពីផ្ទះ​របស់​ពួក​គេបាន នៅ​ពេល​ដែល​ចាំបាច់​ប៉ុណ្ណោះ ។ បទបញ្ជា​នេះ មានសុពលភាព​រហូត​ទាល់តែ​មានការ​ជូនដំណឹង​បន្ថែម​ជា​ថ្មី ។

ការ​ប្រកាស​របស់​អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​នេះ បាន​កើតឡើង​ប្រហែល​មួយ​ម៉ោង បន្ទាប់​ពី​អភិបាល​រដ្ឋ Los Angeles បាន​បញ្ជា​ឱ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ លើកលែងតែ​តម្រូវការ​ចាំបាច់ ចេញ​ទៅ​ផ្សារ​ទំនើប ទៅ​ហាង​ទំនិញ និង​កន្លែង​លក់​របស់របរ​ដែល​ត្រូវការ​ប្រើប្រាស់​ជា​ចាំបាច់ ។ សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ និង​តំបន់​ជុំវិញ​នានា ក៏​បាន​ចេញ​បទបញ្ជា​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ​ដែរ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល នៃ​ជំងឺឆ្លង​នេះ ។

លោក Gavin Newsom បាន​និយាយទៀត​ថា ការ​ចេញ​បទបញ្ជា​ទូ​ទាំង​រដ្ឋ គឺ​ស្រប​នឹង​បទបញ្ជា នៅ​ក្នុង​សហរដ្ឋអាមេរិក​ដែរ ។ កន្លែង​ដូច​ជា ហាង​លក់​គ្រឿងទេស និង​ហាង​អាហារ​ដឹក​ជញ្ជូន ភោជនីយដ្ឋាន ស្ថានីយប្រេងឥន្ធនៈ ឱសថស្ថាន ធនាគារ និង​កន្លែង​បោកគក់ នឹង​នៅ​តែ​បើក​ដំណើរការ​ជា​ដដែល ។

បារ ក្លឹ​បរា​ត្រី រោងកុន កន្លែង​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​សន្និបាត ត្រូវ​​បញ្ជា​ឲ្យ​បិទទ្វារ ទាំងអស់ ។

លោក​អភិបាល បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹមថា ពលរដ្ឋ​អា​មេ​រិ​ក​នឹង​ស្ម័គ្រចិត្ត ចូលរួម​ទាំងអស់​គ្នា ​គោរព​បទបញ្ជា​ឲ្យ​ស្នាក់​នៅតែក្នុងផ្ទះ ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន ។

សូម​ជម្រាប​ថា រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ដែល​មាន​ប្រជាជន​រស់នៅ​សរុប​ប្រហែល​៤០​លាន​នាក់ ​គឺជារដ្ឋ​ដំបូង​គេហើយ ដែល​មាន​បទបញ្ជា​ឲ្យ​រឹតត្បិត​ទូ​ទាំង​រដ្ឋនេះ ។ កាលពីដើម​ស​ប្តា​ហ៍​នេះ អភិបាល​រដ្ឋ Nevada បាន​និយាយ​ថា រាល់​អាជីវកម្ម​ដែល​មិន​ចាំបាច់​ទាំងអស់ គួរតែ​បិទ​រយៈពេល​៣០​ថ្ងៃ ។

ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០ មីនា​នេះ នៅ​ទូ​ទាំង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា មាន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​នេះ សរុប​ចំនួន​ ១,០៦០​ករណី និង​អ្នក​ស្លាប់​ ១៩នាក់​ហើយ ខណៈ​ចំនួន​អ្នក​ឆ្លង​ទូ​ទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ១៤,៣៦៦ ករណី និង​ស្លាប់ ​សរុប​២១៧​នាក់ ៕