រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នេះ សម្តេច ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។

ទីតាំងទី១- គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺនៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល (តាមប្រកាសរបស់ក្រសួងសុខាភិបាល)។ កន្លែងទី២- គឺខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលមានលោក សេង ទៀង នាយករងខុទ្ទកាល័យ (០១២ ៩៦១ ៩៧១) និងមន្ត្រីមួយចំនួនទៀត ជាអ្នករង់ចាំទទួល។

សម្តេច បានលើកឡើងថា «ដោយបានជំនួយដែលនឹងត្រូវបានផ្តល់ រាជរដ្ឋាភិបាលនឹងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះ និងការពារជីវិតរបស់ប្រជាជនកម្ពុជានៃយើង»។ ជាមួយគ្នានោះដែរ សម្តេច បានជូនពរដល់ជូនរួមជាតិ សូមជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយនឹងជៀសផុតអំពីជំងឺដ៏កាចសាហាវដែលកំពុង តែគំរាមកំហែងទូទាំងពិភពលោកនេះ៕