ខេត្តកោះកុង៖ រថយន្តឃ្លុប១គ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកជញ្ជាំងភ្នំ បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្តនោះម្នាក់បានស្លាប់ និង២នាក់ទៀតរបួស។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង កាលពីវេលាយប់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចអន្ទង់អាំងគីឡូ៦១ ។

ជនរងគ្រោះទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3B-1378។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីទាក់ទងផ្តល់ព័ត៌មានទៅសាច់ញាតិមកទទួលយកទៅលំនៅឋាន ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះដែរ សមត្ថកិច្ច សូមជូនដំណឹងដល់អ្នកធ្វើដំណើរតាមផ្លូវជាតិ៤៨ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីចំណុចរង្វង់មូលវិថីសាយភូថង រហូតដល់ទីរួមខេត្តកោះកុង ព្រោះមានចំណោត និងកាច់កោងច្រើនកន្លែង អាចបណ្តាលឲ្យគ្រោះថ្នាក់គ្រាប់វិនាទី ប្រសិនបើអ្នកបើកបរធ្វេសប្រហែសតែបន្តិច៕