បរទេស៖ ក្រុមហ៊ុនផលិតរថយន្ដ ហុងដា(Honda) តូយូ៉តា(Toyota) នីសាន់(Nissan) បានប្រកាសឲ្យដឹងថា រោងចក្ររបស់ពួកគេនៅសហរដ្ឋអាមេរិក នឹងបញ្ឈប់ការផលិតក្នុងគោលបំណងជួយបញ្ឈប់ការរីករាលដាលនៃវីរុស Covid-19។ នេះបើយោងតាមសារព័ត៌មាន CNN​ ដែលបានចុះផ្សាយនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

យោងតាមការអះអាងរបស់នាយកក្រុមហ៊ុននីមួយៗបានប្រកាសពីថ្ងៃផ្អាករថយន្ដ ដូចខាងក្រោម៖

ក្រុមហ៊ុនតូយូ៉តា(Toyota) នឹងបញ្ឃប់រាល់ការផលិតរថយន្ដគ្រប់ប្រភេទនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី ២៣ ខែមីនារហូតដល់ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២០។

ក្រុមហ៊ុននីសាន់(Nissan) កំពុងផ្អាកផលិតកម្មនៅរោងចក្រអាមេរិក របស់ខ្លួនចាប់ពីថ្ងៃសុក្រ ខែមីនានេះ រហូតដល់ថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២០។

ក្រុមហ៊ុនហុងដា(Honda) បានផ្អាកការផលិតអស់រយៈពេល៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកក្រុមហ៊ុនហុងដា ចំនួន២៧ ៦០០នាក់ នៅអាមេរិកខាងជើង នឹងរងផលប៉ះពាល់ហើយផលិតកម្មនឹងធ្លាក់ចុះប្រហែល ៤០ ០០០ គ្រឿងក្នុងកំឡុងពេលនោះ ៕

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រដ្ឋ​ទាំង​៥០ នៅ​ក្នុង​សហរដ្ឋអាមេរិក សុទ្ធតែ​មាន​ករណី​ឆ្លង COVID-19 គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២០ មីនា​នេះ អ្នក​ឆ្លង​កើន​ដល់ ១៤,៣៤០​ករណី ចំនួន​អ្នក​ស្លាប់ ២១៧​នាក់ និង​អ្នក​ត្រូវ​បាន​ព្យាបាល​អោយ​ជា​សះស្បើយ​មាន​ចំនួន ១២៥​នាក់ ៕