បាងកក៖ បុគ្គលិកសម្អាតស្រីម្នាក់ ដែលបម្រើការនៅអាកាសយានដ្ឋានសុវណ្ណភូមិ បានដួលសន្លប់ខណៈពេលដែលកំពុងបំពេញការងារបោសសម្អាតនៅក្នុងបរិវេណព្រលានយន្ដហោះ។ ហេតុការណ៏ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១៣និង១៦នាទីថ្ងៃត្រង់ ថ្ងៃព្រហស្បតិ៍ ទី១៨ មីនា ឆ្នាំ២០២០ ដែលករណីនេះត្រូវបានគេសង្ស័យថានាងឆ្លង Covid-19។ នេះបើយោងតាមសារព័ត៌មាន Kapook​ ដែលបានចុះផ្សាយកាលពីពេលម្សិលមិញនេះ។

អាជ្ញាធរនៅក្នុងព្រលានយន្ដហោះបានឲ្យដឹងថា នៅពេលដែលនាងដួលសន្លប់ក្រុមសង្គ្រោះបានប្រញាប់ប្រញាល់ធ្វើការវាស់កម្ដៅ ស្រាប់តែកម្ដៅបានលោតឡើងទៅដល់៣៨.៦អង្សាសេ ដែលអាការនាងពិបាកក្នុងការដកដង្ហើម ក្អក ខុសពីធម្មតាស្រដៀងនឹងរោគសញ្ញាអ្នកឆ្លង Covid-19។ អាជ្ញាធរបានបញ្ជាក់ទៀតថា ប្រវត្តិអ្នកជំងឺមិនដែលធ្វើដំណើរចេញពីក្រៅប្រទេសទេ ហើយបច្ចុប្បន្ននេះនាងកំពុងស្ថិតនៅក្រោមការតាមដានយ៉ាងម៉ត់ចត់ដើម្បីកំណត់ពីមូលហេតុនៃជំងឺនេះ ។

អាជ្ញាធរក៏បានស្នើដល់អ្នកដំណើរដែលកំពុងរង់ចាំជើងហោះហើរ កុំឲ្យមានការភ័យស្លន់ស្លោរ ពីព្រោះនៅក្នុងបរិវេណអាកាសយានដ្ឋានសុវណ្ណភូមិ បានដាក់វិធានការឃ្លាំមើល និងត្រួតពិនិត្យនៅក្នុងកម្រិតដ៏ស្ដង់ដាមួយ រួមទាំងការបាញ់ថ្នាំសំលាប់មេរោគ និងធ្វើការជូតសម្អាតតំបន់ទូទៅក្នុងអាកាសយានដ្ឋាន ដើម្បីបង្កើតទំនុកចិត្តសម្រាប់អ្នកដំណើរគ្រប់រូប ៕