រាជធានីភ្នំពេញ៖ តារាកំប្លែងស្រីប្រចាំទូរទស្សន៍CTN នាងស្រេង សុកាន់ដា ហៅខ្ញុង កំពុងតែមានតំណក់ឈាមលើកដំបូងជាមួយលោកអ៊ុ ក្សត្រា ហៅនាយកៃដ ជាសាមី ដែលទារកក្នុងផ្ទៃរបស់នាង គឺជាកូនប្រុស ហើយនាងនឹងត្រូវសម្រាលនៅអំឡុងខែសីហា ឆ្នាំ២០២០ ខាងមុខនេះហើយ។

នាយកៃដ ជាសាមីនាងខ្ញុង បានប្រាប់បណ្តាណសារព័ត៌មាននៅក្នុងស្រុកថា «ប្រពន្ធខ្ញុំមានកូនប្រុស៥ខែហើយ។ សុខភាពគាត់ល្អធម្មតាទេហើយនៅតែធ្វើការសិល្បៈរាល់ថ្ងៃហ្នឹង ព្រោះមានកម្មវិធីខ្លះ គេកក់តាំងពីមិនទាន់មានទម្ងន់ម្ល៉េះ។ តាមពិតចិត្តខ្ញុំចង់ឲ្យគាត់សម្រាកថែរក្សាគត៌ដែរ តែធ្វើម៉េចបើគាត់នៅតែចង់ធ្វើការសិល្បៈអីចឹង។ ប៉ុន្ដែអាចពោះច្រើនខែជាងនេះ គាត់នឹងសម្រាកពីសិល្បៈសិនហើយ”។

សូមបញ្ជាក់ថា នាងខ្ញុង និងនាយកៃដ រៀបការកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ។ ប្ដីប្រពន្ធតារាកំប្លែង១គូនេះ បានចាប់ដៃគ្នារកលុយរហូតទិញបានផ្ទះ១ល្វែងរួមគ្នា និងមានរថយន្ដទំនើបជិះទៀតផង ហើយចំណងស្នេហាខ្ញុង-កៃដ កាន់តែរឹងមាំជាមិនខាន នៅពេលដែលអ្នកទាំងពីរទទួលបានចំណងដៃកូនប្រុស ដោយត្រៀមនឹងសម្រាលនៅខែសីហា ខាងមុខនេះ ៕