ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៦៩ សម្តេចសីហនុ បានបង្កើតរដ្ឋាភិបាលថ្មីមួយ ដាក់ឈ្មោះថា «រដ្ឋាភិបាលស្រោចស្រង់ជាតិ» ដោយមានឧត្តមសេនីយ៍ លន់ នល់ ជានាយករដ្ឋមន្ត្រី និងទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ជាឧបនាយករដ្ឋមន្ត្រី បានចាប់ផ្ដើមស្តារចំណងការទូតជាមួយអាមេរិកឡើងវិញ។ តែរដ្ឋាភិបាលថ្មីនេះ ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា សកម្មភាពឈ្លានពានរបស់កងទ័ពវៀតណាមខាងជើង ការប្រយុទ្ធប្រឆាំងនឹងបណ្តាញ ដឹកស្បៀងនិងអាវុធរបស់ចិនទៅអោយវៀតណាមខាងត្បូង បញ្ហាវិបត្តិនយោបាយ និងសេដ្ឋកិច្ច ជាដើម។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧០ សម្តេចសីហនុ យាងចេញពីមន្ទីរពេទ្យកាល់ម៉ែត ដោយមានក្បួនហែរហមឆ្ពោះទៅកាន់ព្រះបរមរាជវាំង ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ទើបបន្តព្រះរាជដំណើរឆ្ពោះទៅកាន់ព្រលានយន្តហោះពោធិ៍ចិនតុង ដើម្បីឡើងយន្តហោះទៅប្រទេសបារាំង ។ តែគេមិនឃើញមានកងកិត្តិយសប្រគុំភ្លេងឲ្យស័ក្តិសមកិត្តិយសឋានៈព្រះអង្គជាព្រះប្រមុខរដ្ឋ ដូចសព្វដងនោះទេ រហូតដល់មានអ្នកខ្លះអះអាងថា ព្រះអង្គយាងចេញពីមាតុភូមិបែបនេះមិនខុសពីការភៀសព្រះកាយឡើយ។ តែយ៉ាងណា លន់ នល់ ជានាយករដ្ឋមន្រ្តី បានជូនព្រះរាជដំណើរព្រះអង្គដល់ព្រលានយន្តហោះពោធិ៍ចិនតុង តែទ្រង់ស៊ីសុវត្ថិ សិរិមតៈ ជាឧបនាយករដ្ឋមន្រ្តី មិនបានជូនព្រះរាជដំណើរព្រះអង្គទេ។

ថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ១៩៧០ សិស្សនិងពលរដ្ឋនៅខេត្តស្វាយរៀង នាំគ្នាធ្វើបាតុកម្មបណ្ដេញកងទ័ពវៀតកុង វៀតណាមខាងជើង។
សម្ដេចសីហនុ ដែលកំពុងស្ថិតនៅក្នុងប្រទេសបារាំង បានសម្ដែងការគាំទ្រដល់ពួកបាតុករ ហើយព្រះអង្គសង្ឃឹមថាមេដឹកនាំក្រុងម៉ូស្គូ និងក្រុងប៉េកាំង នឹងដាក់សម្ពាធទៅលើប្រទេសវៀតណាមខាងជើង ដើម្បីឲ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា ។

លោកWilliam Shawcross អ្នកនិពន្ធ និងជាអ្នកសរសេរបទអត្ថាធិប្បាយរបស់កាសែត The Sunday Times បានថ្លែងថា សម្ដេចសីហនុ និងលន់ នល់ ប្រហែលបានរៀបផែនការធ្វើបាតុកម្មនេះ ដើម្បីធ្វើជាហេតុផលខ្លះៗ ទៅចរចាជាមួយមេដឹកនាំក្រុងម៉ូស្គូ និងក្រុងប៉េកាំង នឹងដាក់សម្ពាធទៅលើប្រទេសវៀតណាមខាងជើង ដើម្បីឲ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា ។

ថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧០ បាតុកម្មមួយយ៉ាងធំទៀតត្រូវបានគេរៀបចំឡើងនៅក្នុងរាជធានីភ្នំពេញ ពោលគឺសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សានានា និងពលរដ្ឋរាប់ពាន់នាក់ កាន់បដា និងពាក្យស្លោក ប្រឆាំង វៀតណាមខាងជើង និង វៀតកុងផង ដើរតម្រង់ទៅកាន់រដ្ឋសភាជាតិ ដោយពួកគេស្រែកតាមចង្វាក់ភាសាខ្មែរ បារាំង និងអងគ្លេសថា៖ « បរាជ័យពួកវៀតកុង វៀតណាមខាងជើង ! », «វៀតកុងត្រូវត្រលប់ទៅប្រទេសឯងវិញទៅ ! », «កម្ពុជាពុំមែនជាទឹកដីរបស់វៀតមិញទេ! » ។ នៅព្រឹកថ្ងៃដដែលនោះដែរ ពួកបាតុករបាននាំគ្នាហែក្បួនសម្តៅទៅរកស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម និងស្ថានទូតរបស់រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នវៀតណាមខាងត្បូងដែរ ហើយវាយបំផ្លិចបំផ្លាញស្ថានទូតទាំងពីរខ្ទេចខ្ទីអស់។

នៅថ្ងៃ១២ ខែមីនា ឆ្នាំ១៩៧០ រដ្ឋាភិបាលស្រោចស្រង់ជាតិ ដែលមានឧត្តមសេនីយ៍ឯក ជានាយករដ្ឋមន្ត្រី បានប្រកាសលុបចោលកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (វៀតណាមខាងជើង) និងបិទកំពង់ផែព្រះសីហនុ មិនឲ្យដឹកជញ្ជូនអាវុធពិប្រទេសចិន ទៅឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង នៅភាគខាកើតប្រទេសទៀត ព្រមទាំងដាក់ឱសានវាទឲ្យកងទ័ពវៀតកុង វៀតណាមខាងជើងទាំងអស់ត្រូវតែដកចេញពីដីកម្ពុជាក្នុងរយៈពេល៧២ម៉ោង (គឺរហូតថ្ងៃ១៥ មីនា) ។
ព្រលឹមស្រាងៗ ថ្ងៃទី១៦ ខែមីនា ឆ្នាំ១៩៧០ សិស្ស និស្សិត និងពលរដ្ឋរាប់ពាន់នាក់នៅរាជធានីភ្នំពេញ នាំគ្នាធ្វើបាតុកម្មដ៏ធំមួយទៀតនៅមុខរដ្ឋសភាជាតិ ស្រែកទាមទារឲ្យអង្គការនីតិបញ្ញត្តិនេះវែករកមុខអ្នកលក់ដីឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង សមគំនិតជាមួយពួកកុម្មុយនីស្តវៀតណាម។

ព្រះមហាក្សត្រីយានីកុសមៈ បានកោះហៅឧត្តមសេនីយ៍ លន់ នល់ ជានាយករដ្ឋមន្ត្រី និងទ្រង់ ស៊ីសុវត្ថិ សិរីមតៈ ជាឧបនាយករដ្ឋមន្ត្រី ឲ្យចូលគាល់ក្នុងព្រះបរមរាជវាំង ហើយសុំឲ្យពួកគាត់បញ្ចប់បាតុកម្មទាំងនោះ ។
ថ្ងៃ១៧ ខែមីនា ឆ្នាំ១៩៧០ ទ្រង់សិរិមតៈ ទទួលបានខ្សែអាត់មួយពីក្រុងប៉ារីស ពីបន្ទូលសម្ដេចសីហនុ ដែលបានគំរាមថា នឹងកាត់ទោសប្រហារជីវិតពួកគាត់ទាំងពីរ (ឧត្តមសេនីយ៍លន់ នល់ និងទ្រង់ ស៊ីសុវត្ថិ សិរីមតៈ) នៅពេលព្រះអង្គយាងត្រឡប់មកក្រុងភ្នំពេញ វិញ ។

ព្រឹកថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ ពួកកងទ័ពត្រូវបានដាក់ពង្រាយនៅតាមផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ តែកម្លាំងប៉ូលិស របស់លោកអ៊ុ ម៉ាណូរិន បងថ្លៃសម្ដេចសីហនុ បាត់មុខទាំងស្រុងពីភ្នំពេញ សមាជិកសភាជាតិ និងក្រុមប្រឹក្សាព្រះរាជាណាចក្រ បានបើកអង្គប្រជុំក្រោមការដឹកនាំរបស់អ៊ិន តាំ បោះឆ្នោតជាឯកច្ឆន្ចដើម្បីយកមាត្រា១២២នៃរដ្ឋធម្មនុញ្ញកម្ពុជាមកប្រើ ដើម្បីដកសេចក្ដីទុកចិត្តពីសម្ដេចសីហនុ ដោយចោទប្រកាន់ថា ព្រះងង្គបានអនុញ្ញាតឲ្យកងទ័ពវៀតកុង វៀតណាមខាងជើង បោះទីតាំងនៅលើទឹកដីខ្មែរ៕