ពេល​អ្នកឆ្លងវីរុស ឬ​មាន​រោគ​សញ្ញា​ជំងឺ​ កូ​វី​ដ​-១៩ ​ដូច​ជា​ក្តៅខ្លួន​ជាដើម​នោះ អ្នក​មិន​ត្រូវ​ប្រើ​ថ្នាំ​ អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន Ibuprofen ទេ និងថ្នាំប្រឆាំងនឹងការរលាកផ្សេងៗ ព្រោះ​វា​អាច​នឹង​ធ្វើ​អោយ​មេរោគ​កូ​វី​ដ​-១៩ មាន​ឥទ្ធិពល​រឹង​តែ​ខ្លាំង នេះ​បើតាម dailymail ​។

ការ​ប្រកាសរបស់​អង្គការ​សុខភាព​ពិភពលោក ក៏បានណែនាំ​អោយ​ប្រើ​ថ្នាំ​ប្រភេទ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ជំនួស​វិញ ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​មាន​រោគ​សញ្ញា​ក្តៅខ្លួន ។ អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក បាន​ណែនាំ​បែប​នេះ បន្ទាប់​ពី​ប្រទេស​បារាំង​ប្រកាស​ថា ថ្នាំ​នេះ​អាច​ធ្វើ​ឱ្យ​មេរោគ​កូ​វី​ដ​១៩ កាន់តែ​មាន​ឥទ្ធិពល ​។

អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក​និយាយ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស​ថា នៅ​ពេល​នេះ វា​ជា​ការ​សំខាន់ ដែល​គេ​ត្រូវ​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ជំនួស​អ៊ី​ប៊ុ​យ​ប្រូ​ហ្វេ​ន​វិញ ក្នុង​ករណី​ដែល​មាន​គ្រុនក្តៅ​ ។

រហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ផ្ទុកមេរោគ​កូ​វី​ដ​-១៩​ចំនួន​៣៥​ករណី ។ ចំណែក​ក្រសួងសុខាភិបាល បាន​បន្ត​អំពាវនាវ​អោយ​ប្រជាជន​មាន​វិធានការ​ការពារ​ខ្លួន​ប្រឆាំង​មេរោគ​នេះ តាម​រយៈ​ការ​លាងដៃ​ញឹកញាប់ និង​រស់នៅ​ប្រក​ដោយ​អនាម័យ ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស និង​ចៀសវាង​កន្លែង​ដែល​មានការ​ប្រមូលផ្តុំ​មនុស្ស​ច្រើន ៕