ប៉េ​កាំ​ង ៖ ការ​ស្រាវជ្រាវ​នៅ​ទីក្រុង​វ៉ូ​ហាន និង​ទីក្រុង​ស៊ី​ន​ជិន បង្ហាញ​ថា អ្នកជំងឺ​ដែល​មាន​ក្រុម​ឈាម​ប្រភេទ A មាន​អត្រា​ឆ្លង​ខ្ពស់ ហើយ​ទំនងជា​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ថែម​ទៀត​នៅ​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ បើ​ធៀប​នឹង​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ O មានការ​ថយ​ចុះ​ហានិភ័យ​យ៉ាង​ខ្លាំង នេះ​បើ​តាម South China Morning Post

គួរ​ជម្រាប​ថា ក្រុម​ឈាម​របស់​មនុស្ស​យើង ត្រូវ​បាន​បែក​ចែក​ជា ០៤ ក្រុម​ធំ​ៗ គឺ A, B, AB និង O ដោយ​បន្ថែម RhD ជា​សញ្ញា (+) និង (-) ថែម​ទៀត ដូច្នេះ​ក្រុម​ឈាមមាន​ដល់ ០៨​ក្រុម ហើយ​ក្រុម​ឈាម​នីមួយ​ៗ ត្រូវ​បាន​កំណត់​ដោយ​ហ្សែ​ន ដែល​អ្នក​ទទួល​បាន​ពី​ឪពុក​ម្តាយ ។

អ្នក​ដែល​មាន​ប្រភេទ​ឈាម A អាច​ងាយ​នឹង​ឆ្លង​ជំងឺ​នេះ បង្ក​ដោយ វីរុស​កូ​វី​ដ​-១៩ ខណៈ​ពេល​ដែល​អ្នក​ដែល​មាន​ប្រភេទ O ហាក់ដូចជា​មាន​ភាព​ធន់ នឹង​ជំងឺ​នេះ បើ​យោង​តាម​ការ​សិក្សា​បឋម​ពី​អ្នកជំងឺ​នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​ឆ្លង​វីរុស​Covid-19 ។

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ នៅ​ប្រទេស​ចិន បាន​យក​គំរូ ក្រុម​ឈាម​របស់​អ្នកជំងឺ​ជាង ២.០០០ នាក់ ដែល​ឆ្លង​វីរុស នៅ​ក្រុង​វ៉ូ​ហាន​និង​ស៊ី​ន​ជិន ហើយ​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​ប្រជាជន ដែល​មាន​សុខភាព​ល្អ​ក្នុង​តំបន់ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​អ្នកជំងឺ​មាន​ក្រុម​ឈាម A បង្ហាញ​អត្រា​ឆ្លង​ខ្ពស់ ហើយ​អ្នកជំងឺ​ហាក់ដូចជា​វិ​វត្ត​ទៅ​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​ជាង​មុន ។

ក្រុម​អ្នក​ស្រាវជ្រាវ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ​វូ​ហាន ដែល​ដឹកនាំ​ដោយ​វេជ្ជបណ្ឌិត វ៉ាង ស៊ី​ង​ហួ​ន (Wang Xinghuan) នៅ​មន្ទីរពេទ្យ​ហ្សុ​ង​ណា​ន បានអោយ​ដឹង​ថា ប្រជាជន​ចិន មាន​ក្រុម​ឈាម A ប្រហែលជា​ត្រូវការ ការពារ​ខ្លួន​ខ្លាំង ដើម្បី​កាត់​បន្ថយ​ឱកាស នៃ​ការ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ និង​ការ​ព្យាបាល​យ៉ាង​ប្រុង​ប្រយ័ត្ន ។

វេជ្ជបណ្ឌិត វ៉ាង ស៊ី​ង​ហួ​ន បន្ត​ថា ផ្ទុយ​ទៅ​វិញ “​មនុស្ស​ក្រុម​ឈាម O មាន​ហានិភ័យ​ឆ្លង​ជំងឺ​នេះ តិច​ណាស់ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​ឈាម​មិនមែន O” នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​មួយទៀត នៅ​លើ​គេហទំព័រ Medrxiv.org កាលពី​ថ្ងៃ​ទី​១១ ខែមីនា ។

ក្នុង​ចំណោម អ្នកជំងឺ ២០៦ នាក់ ដែល​បាន​ស្លាប់ ដោយសារ​កូ​វី​ដ​-១៩ ក្នុង​ទីក្រុង​វ៉ូ​ហាន មាន ៨៥​នាក់ មាន​ក្រុម​ឈាម​ប្រភេទ A (​ស្មើ ៦៣%) និង ៥២​នាក់ មាន​ក្រុម​ឈាម​ប្រភេទ O ក្រៅពី​ហ្នឹង គឺ​ក្រុម​ឈាម​ប្រភេទ​ផ្សេង​ៗ ។

ការ​សិក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​ស្រាវជ្រាវ​វេជ្ជសាស្ត្រ មក​ពី​ទីក្រុង​នានា​នៅ​ទូ​ទាំង​ប្រទេស​ចិន រួម​មាន​ទីក្រុង​ប៉េ​កាំ​ង វូ​ហាន សៀង​ហៃ​និង​ស៊ី​ន​សិន ប៉ុន្តែ​មិន​ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ​ទេ ។

ទោះជា​យ៉ាងនេះ​ក្តី ក៏​មាន​អ្នកជំនាញ ព្រមាន​ថា វា​អាច​មាន​គ្រោះថ្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ការ​សិក្សា​ខាងលើ​នេះ ដើម្បី​អនុវត្ត​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន ។

លោក Gao Yingdai អ្នក​ស្រាវជ្រាវ​មក​ពី​មន្ទីរពិសោធន៍​រដ្ឋ ផ្នែក​រោគ​វិទ្យា នាទី​ក្រុង​ធាន​ជី​ន មានប្រសាសន៍​ថា គួរតែ​សិក្សា​អោយ​ធំ​ជាង​នេះ ទោះបី​ចំនួន ២,០០០​នាក់ វា​មិន​តិច​ក៏​ដោយ ប៉ុន្តែ​ពេល​នេះ​ចំនួន​អ្នកជំងឺ​សរុប​ដែល​ឆ្លង​វីរុស មាន​ចំនួន​ជាង ១៨០.០០០ នាក់ នៅ​ទូ​ទាំង​ពិភពលោក ។

នេះមិនមានន័យថា អ្នកមានឈាមប្រភេទ A ពិតជានឹងត្រូវឆ្លងមេរោគ១០០ភាគរយទេ ។ ចំណែក​អ្នក​មាន​ក្រុមឈាមប្រភេទ O ក៏មិនមែនមានន័យថា សុវត្ថិភាព១០០ភាគរយដែរ ។ ចំណុច​មួយ​ផ្សេង​ទៀត នៃ​ការ​ស្រាវជ្រាវ គឺថា វា​មិន​បាន​ផ្តល់​ការ​ពន្យល់​ច្បាស់លាស់ អំពី​អន្តរ​កម្ម​ម៉ូលេគុល រវាង​វីរុស និង​កោសិកា​ឈាមក្រហម​ផ្សេង​ៗ​ ​នៅឡើយ​ទេ ៕