គ្រូបង្វឹកបាល់ទាត់ របស់ក្លិប ក្នុងប្រទេសអេស្ប៉ាញ Atletico Portada Alta គឺលោក Francisco Garcia បានទទួលមរណភាពត្រឹមវ័យ២១ឆ្នាំ បន្ទាប់ពីបានឆ្លងជំរីរុសកូវីដ-១៩ នោះបើយោងតាមសារព័ត៌មាន Independent ។
លោក Francisco Garcia ពីមុនមកមានស្ថានភាពសុខភាពល្អ ពោលគឺហាត់ប្រាណយ៉ាងទៀងទាត់ ។ លោកធ្លាប់បម្រើការជាអ្នកចាត់ការទូទៅក្រុមយុវជនរបស់ក្លិប Atletico Portada Alta ដែលមានមូលដ្ឋាននៅទីក្រុង Malaga ចាប់តាំងពីឆ្នាំ ២០១៦ បានក្លាយជាជនរងគ្រោះទី៥ និងក្មេងជាងគេបំផុត ដែលស្លាប់ដោយសារវីរុស Covid-19 នៅក្នុងតំបន់មួយនេះ ។
បុរសជនជាតិអេស្ប៉ាញខាងលើ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានធ្វើតេស្តឃើញថាមានសញ្ញាវិជ្ជមានសម្រាប់វីរុស Covid-19 កាលពីសប្តាហ៍មុន ដោយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ Malaga ដើម្បីព្យាបាល។
ពេលមកដល់មន្ទីរពេទ្យ Garcia ត្រូវបានគេរកឃើញថា កំពុងទទួលរងនូវជំងឺមហារីកឈាម ដែលធ្វើឱ្យគេងាយរងគ្រោះខ្លាំងទៅនឹងវីរុសដែលកំពុងរាលដាលពាសពេញពិភពលោក។
ជាមួយគ្នានេះផងដែរក្លិប Atletico Portada Alta បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយតាមរយៈបណ្តាញសង្គម បន្ទាប់ពីមរណភាពរបស់ Garcia ដោយបានសរសេរថា «យើងចង់សម្តែងនូវការចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់គ្រូបង្វឹករបស់យើងឈ្មោះ Francisco Garcíaដែលបានចាកចេញពីយើងជាអកុសលនៅថ្ងៃនេះ» ៕