បរទេស៖ មានប្រិយមិត្តជាច្រើន បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាប្រុស Idris Elba សារភាពថា ខ្លួនបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ដែលការធ្វើតេស្តនេះ ធ្វើឡើងបន្ទាប់ពីលោកធ្លាប់បានប៉ះពាល់ជាមួយបុគ្គលដែលធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ ។

តារាប្រុសវ័យ ៤៧ឆ្នាំរូបនេះ បានសរសេរនៅលើគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា លោកបានធ្វើតេស្តវិជ្ជមានសម្រាប់ វីរុសកូវីដ-១៩ ។ មុនពេលធ្វើតេស្ត លោកនៅមានអារម្មណ៍ធម្មតា មិនទាន់ចេញរោគសញ្ញាអ្វីឡើយ តែលោកដឹងខ្លួនថា ធ្លាប់បានប៉ះពាល់ជាមួយបុគ្គលដែលផ្ទុកវីរុសនេះ ដូច្នេះលោកក៏ឃុំខ្លួនឯងមួយរយៈ ហើយពេលដឹងលទ្ធផល លោកក៏នៅក្នុងផ្ទះដើម្បីរក្សាជំហរ ថានឹងត្រូវធ្វើយ៉ាងណាបន្តទៀត ។

ជាចុងក្រោយតារាប្រុសតួអង្គ Heimdall នៅក្នុងខ្សែរឿង Avengers រូបនេះបាននិយាយថា លោកមិនបានភ័យស្លន់ស្លោអ្វីឡើយ ហើយក៏បានផ្ញើសារទៅកាន់មហាជនថា ត្រូវតែធ្វើតេស្តរកវីរុសកូវីដ-១៩ ប្រសិនបើមានអារម្មណ៍ថា មិនស្រួលខ្លួន និងមានអាការៈដូចរោគសញ្ញារបស់វីរុសមួយនេះ មួយវិញទៀត ប្រសិនបើធ្លាប់បានប៉ះពាល់ជាមួយបុគ្គលដែលផ្ទុកវីរុសកូវីដ-១៩ សូមប្រញាប់ទៅធ្វើតេស្តភ្លាម ព្រោះភ្លាមៗវាមិនបង្ហាញអាការៈឲ្យយើងដឹងឡើយ ៕
ប្រភព៖ mirror