ភ្នំពេញ៖ តារាកំប្លែង នាយតាក់ស៊ី ដែលបានលែងលះជាមួយប្រពន្ធដើមដែលជាតារាកំប្លែងដូចគ្នា គឺអ្នកនាង ភីម មុនពេលដែលលោកចេញសាងព្រះភ្នួសនៅវត្ដដងទង់ ខេត្ដកំពង់ស្ពឺ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ ហើយសាងផ្នួសមិនបានប៉ុន្មាន បានត្រឡប់មកសម្ដែងឆាកកំប្លែងវិញ បានកំណត់ថ្ងៃរៀបការជាផ្លូវការនៅចុងខែឧសភា ខាងមុខនេះហើយ ។

តារាកំប្លែង លោក រឿង សារ៉េត ហៅនាយតាក់ស៊ី បានបង្ហើបឲ្យដឹងថា លោកនឹងរៀបចំពិធីមង្គលការសមរម្យមួយទៅតាមប្រពៃណីខ្មែរតាមការស្រុះស្រួល និងដេញពេលាទៅតាមជំនឿត្រឹមត្រូវ។

លោកថា លោកពិតជាស្រលាញ់អនាគតភរិយាក្រោយនេះដោយស្មោះអស់ពីបេះដូង មិនមែនសំឡឹងមើលឃើញទ្រព្យធនអ្វីទេ ព្រោះលោកនិងអនាគតភរិយារូបនេះមានប្រវត្តិស្នេហ៍កម្សត់ដូចគ្នា។

អនាគតភរិយារបស់លោកឈ្មោះ សុខា មានវ័យ៣៩ឆ្នាំ ជាស្ដ្រីមេម៉ាយគ្មានកូន រស់នៅក្រុងបាវិត ខេត្ដស្វាយរៀង។ ដើមឡើយ ក្រោយពេលលោកបានចាកសិក្ខាបទនោះ ត្រឹមជាការាប់អានគ្នាជាធម្មតា។ តែក្រោយពីស្វែងយល់ចិត្តគ្នាជាង៤ខែកន្លងមកនេះ លោកយល់ថានាងជាមនុស្សល្អដែលបានជួយមើលថែលោកដែលកំពុងមានជំងឺងប្រចាំកាយ ក៍ឈានដល់បំណងប៉ងយកជាគូអនាគតតែម្ដងទៅ ហើយលោក និងនាងបាននឹងកំពុងសន្សំប្រាក់មួយចំនួន ដើម្បីរៀបចំពិធីមង្គលការមួយឲ្យបានសមរម្យ គឺមិនធំដុំនោះទេ ហើយពិធីមង្គលការរបស់លោកនឹងមានវត្តមានភ្ញៀវកិត្តិយស ពិសេសសិល្បៈដែលរាប់អានគ្នាមួយចំនួនចូលរួមផងដែរ។

តារាកំប្លែងវ័យ៤១ឆ្នាំរូបនេះ បានបញ្ជាក់ថា ពិធីមង្គលការរបស់លោកមិនធ្វើនៅខេត្តស្វាយរៀងជាទឹកដីកំណើតរបស់ភរិយាទេ គឺធ្វើឡើងនៅភ្នំពេញតែម្តង។
នាយតាក់ស៊ី បានលែងលះជាមួយអ្នកនាង ភីម ជាប្រពន្ធដើមដែលជាតារាកំប្លែងដូចគ្នា នៅមុនពេលដែលលោកចេញសាងព្រះភ្នួសនៅវត្ដដងទង់ ខេត្ដកំពង់ស្ពឺ កាលពីពាក់កណ្ដាលឆ្នាំ២០១៩។

នាយតាក់ស៊ី និងនាង ភីម មានកូនប្រុសម្នាក់ជាចំណងដៃ តែយ៉ាងណាពួកគេនៅរាប់អានគ្នាដូចជាបងប្អូន៕