រាជធានីភ្នំពេញ៖ ប្រហែលជាប្រិយមិត្តមិនភ្លេចតារាកំប្លែងស្រីនាងឃ្មឹបទេ ។ កាលពីមុនតារាកំប្លែងស្រីរូបនេះ មានជីវភាពសមរម្យ រូបសម្រស់ហំហួន ហើយអាជីពជាតារាកំប្លែងក្នុងក្រុមនាយកុយ ក៏មានភាពកាក់កបគួរសម ។

តែក្រោយពីនាងបែកបាក់ជាមួយនាយហុងដា ជាស្វាមី នាងឃ្មឹប ក៏បានរសាតឆ្ងាយពីវិស័យសិល្បៈឈឹង លុះពេលនាងលេចមុខនៅពេលនេះ ស្រាប់តែរូបសម្រស់នាងឃ្មឹបមានការប្រែប្រួលអាក្រក់ខ្លាំងមើលសឹងមិនស្គាល់ សូម្បីតែជីវភាព ក៏ធ្លាក់ដុនដាបខ្លាំង រហូតដល់ថ្នាក់សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គម ជួយចេញថ្លៃព្យាបាលជំងឺឲ្យនាង។

លោកហេង ឡុង បានបង្ហោះរូបនាងខ្មឹប កាលពី២ម៉ោងមុន ភ្ជាប់ជាមួយនឹងសំណេរថា« សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គម បានជួយចេញថ្លៃព្យាបាល ដល់សិល្បការិនី អ្នកនាង ខ្មឹប ផ្នែកកំប្លែង ក្នុងការវះកាត់ដូរដែកដៃរបស់គាត់ និងបានចេញថ្លៃសម្រាកក្នុងមន្ទីរពេទ្យផងដែរ ។

សមាគមមិត្តសិល្បៈស័គ្រ្មចិត្តជួយសង្គមសូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល៥ឆ្នាំ ។ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និង អ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មីដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា»៕