ប្រទេសថៃ៖ នៅថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២០ ទីភ្នាក់ងារសារព័ត៌មានថៃបានរាយការណ៍ឲ្យដឹងថា លោក Sumet Damrongchaitham នាយកគ្រប់គ្រងព្រលានយន្តហោះសុវណ្ណាភូមិថៃ បានដាក់លិខិតសុំលាលែងពីការងារ ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះការរាលដាលវីរុស Covid-19 យ៉ាងធ្ងន់ធ្ងរ ដែលខ្លួនគាត់មិនអាចគ្រប់គ្រងស្ថានការណ៏បណ្ដាលមន្រ្ដីអន្ដោប្រវេស៌២នាក់ ឆ្លងវីរុសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook

ស្របពេលដែលលោកសាក់សៀម ស៊ីជីឆៃ​ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ លោកបានទទួលរបាយការណ៍ពីក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ថៃថាលោក Sumet Damrongchaitham បានដាក់លិខិតលាលែងពីតំណែង ហើយលិខិតលាលែងនេះនឹងចូលជាធរមាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណីថ្មីចំនួន ៥ នៃជំងឺកូរ៉ូណា (COVID-19) ដែលអ្នកទាំងនោះមានទំនាក់ទំននជាមួយអ្នកដែលមកពីហុងកុង និងកូរ៉េខាងត្បូង។ លោកវេជ្ជបណ្ឌិត Sukhum Karnchanapimai លេខាធិការអចិន្រ្តៃយ៍ផ្នែកសុខភាពបានមានប្រសាសន៍ថា ករណីថ្មីនេះគឺជាការឆ្លងមេរោគជាក្រុមចង្កោម។ មានអ្នកឆ្លងថ្មី ២នាក់ ជាស្ត្រីអាយុ ៣៦ឆ្នាំ និងបុរស អាយុ ៣៧ឆ្នាំ ដែលពួកគេបានទៅផឹកស្រាក្នុងពិធីជប់លៀងជាមួយក្នុងក្រុមមនុស្ស ១៥នាក់ ដែលក្នុងនោះ ១១នាក់ ត្រូវបានប្រកាសថាឆ្លង COVID-19 ម្សិលមិញនេះ។ ពួកគេសុទ្ធតែជាមិត្តភក្ដិក្រុមផឹកជាមួយគ្នា ហើយអ្នកខ្លះធ្លាប់បានជួបភ្ញៀវមកពីហុងកុងកាលពីខែមុនទៀតផង ៕