កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ Cristiano Ronaldo កំពុងស្នាក់នៅក្នុងគេហដ្ឋានរបស់លោក នៅប្រជុំកោះ ម៉ាឌីរ៉ា ប្រទេសព័រទុយហ្កាល់ ខណៈមិត្តរួមក្រុមរបស់ក្លឹបសេះបង្កង់ Juventus គឺលោក ដានីញែល រ៉ូហ្គីនី Daniele Rugani បានធ្វើតេស្ត រកឃើញថា មានផ្ទុកវីរុសកូវីដ-១៩ នេះបើតាម Daily Mail ចុះផ្សាយថ្ងៃទី១២ មីនានេះ។
តារាបាល់ទាត់ព័រទុយហ្កាល់ រូបនេះ បានហោះទៅស្រុកកំណើត ដើម្បីទៅសួរសុខទុក្ខ ម្តាយរបស់លោក ដែលថ្មីៗនេះ ម្តាយរបស់ គ្រីស្ទៀណូ រ៉ូណាល់ដូ គាត់មានជំងឺដាច់សរសៃឈាមខួរក្បាល ។
កីឡាករ រ៉ូណាល់ដូ និង រ៉ូហ្គីនី បានប្រើប្រាស់បន្ទប់ផ្លាស់សំលៀកបំពាក់រួម កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលដែល Juventus បំបាក់ក្រុម Inter Milan ក្នុងលទ្ធផល ២-០ ក្រោមការប្រកួតបិទទ្វារ ។
រូបភាពមួយសន្លឹក ដែលត្រូវបានបង្ហោះ នៅលើបណ្តាញសង្គម Instagram ដោយកីឡាករ Miralem Pjanic បន្ទាប់ពីការប្រកួត បានបង្ហាញថា រ៉ូណាល់ដូ និង រ៉ូហ្គីនី អបអរជ័យជំនះ នៅក្នុងភាពដ៏ជិតស្និទ្ធ ជាមួយមិត្តរួមក្រុមរបស់ពួកគេផ្សេងទៀត ។
កីឡាករ គ្រប់រូបដែលបានទំទាក់ទំទងជាមួយកីឡាករ រ៉ូហ្គីនី ឥឡូវនេះ តម្រូវឲ្យដាក់នៅដាច់ដោយឡែក ។ គេសង្ឃឹមថា ការរីករាលដាលនៃវីរុសនេះ មានកំណត់ ទៅចុះ មិនរាលដាលទៅកីឡាករដទៃ ក្នុងក្រុមសេះបង្កង់ Juventus ។
សារព័ត៌មានព័រទុយហ្កាល់ ចំនួន២ គឺ Quotidiano Sportivo និង Abola បានចុះផ្សាយរឿងរ៉ាវនៅលើទំព័រមុខរបស់ពួកគេ ដោយដាក់ចំណងជើងព័ត៌មានថា កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ កំពុងស្ថិតក្នុងការដាក់នៅ ដាច់ដោយឡែកពីគេ ។
ព្រឹត្តិការណ៍កីឡា ទាំងអស់ នៅក្នុងប្រទេសអ៊ីតាលី ត្រូវបានលុបចោល យ៉ាងហោចណាស់រហូតដល់ថ្ងៃទី៣ ខែមេសា ប៉ុន្តែក្រុមសេះបង្កង់ Juventus គ្រោងនឹងជួបក្រុមលីយ៉ុង របស់បារាំង ក្នុងពានរង្វាន់ Champions League នាថ្ងៃអង្គារ ខាងមុខនេះ ហើយការប្រកួតនោះ គ្រោងនឹងបិទទ្វារ ប៉ុន្តែពេលនេះត្រូវបានគេរំពឹងថា UEFA អាចនឹងពន្យារពេលប្រកួត ។
រ៉ូហ្គីនី គឺជាកីឡាករ អាជីពទី២ ដែលធ្វើតេស្ត វិជ្ជមាន ដោយបច្ចុប្បន្ន ខ្សែការពារ Timo Hubers របស់ក្លិប Hannover 96 កំពុងសម្រាកព្យាបាល ក្រោយធ្វើតេស្តរកឃើញមានផ្ទុកវីរុស Covid-19 ៕