ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន៣នាក់ និងរំដោះជនរងគ្រោះជាស្ត្រីម្នាក់ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ ។

ជនសង្ស័យទាំង៣នាក់នោះ ១.ឈ្មោះ NIU YAYA ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន ស្នាក់នៅក្រុមទី៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ២.ឈ្មោះ REN WANG PU ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរចងការប្រាក់ គ្មានលិខិតឆ្លងដែន ស្នាក់នៅក្រុមទី៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ និង៣.ឈ្មោះ ZHANG ER HU ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរចងការ ប្រាក់ កាន់លិខិតឆ្លងដែនលេខៈ EH5604091 ស្នាក់នៅ ក្រុមទី០៧ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

ចំណែកជនរងគ្រោះឈ្មោះ GUO ZHEN ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរទេសចរ ស្នាក់នៅភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចនគរបាល បានឲ្យដឹងថា នៅវេលាម៉ោង១០ យប់ថ្ងៃទី៩ ខែមីនា មានបុរសជនជាតិចិនម្នាក់ បានទៅប្ដឹងសមត្ថកិច្ចថា មានមិត្តស្រីរបស់គេម្នាក់ ត្រូវបានពួកក្រុមចងការប្រាក់ ចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយដែលមិនស្គាល់។ ក្រោយពីទទួលបានពាក្យបណ្តឹងនោះភ្លាម លោកឧត្ដមសេនីយ៍ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់តាំងកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ឲ្យចុះធ្វើការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ការកំណត់ទីតាំង ដែលជនសង្ស័យបង្ខាំងជនរងគ្រោះ ទើបកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៤ ចុះទៅរំដោះស្រីរងគ្រោះ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ និងបានធ្វើការដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ លិខិតខ្ចីប្រាក់ចំនួន៤ សន្លឹក , ដំបងដែករលាស់១ ដើម , លិខិតឆ្លងដែន២ ក្បាល , ខ្នោះដៃ១ និង ស្រោមខ្នោះដៃ ១ , ប៉ុងផ្តិតមេដៃ ១ , ទូរសព្ទដៃ ៣គ្រឿង ម៉ាក i-Phone ពណ៌ខ្មៅ ១.ម៉ាក Vivo ពណ៌ខ្មៅ ១ និង Vivo ពណ៌ទឹកប្រាក់ ១គ្រឿង , កាបូបដាក់កាត ១ ក្នុងនោះមានកាតរឹងមួយចំនួន, កាបូបដាក់ប្រាក់ ១ ក្នុងនោះមាន៖ ប្រាក់ខ្មែរ ៥០០០រៀល ,ប្រាក់ដុល្លារ ១៤ ដុល្លារអាមេរិក , ប្រាក់ចិន ៧០០Yuan , កាតរឹងមួយចំនួន និងកាបូបស្ពាយចំនួន ២ ។

ដើមចមដំបូងដែលបណ្ដាលឲ្យកើតមានការចាប់បង្ខាំងជំរិតទារប្រាក់នេះ គឺជនរងគ្រោះ បានទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូមួយ លុះពេលចាញ់អស់លុយ ក៍បានខ្ចីប្រាក់ពីក្រុមចងការប្រាក់នៅក្នុងកាស៊ីណូនោះ ដើម្បីលេងបន្ត។ ពេលជនរងគ្រោះលេងចាញ់អស់ទាំងប្រាក់ដើម និងប្រាក់ចងការ ហើយគ្មានប្រាក់សង ទើបត្រូវក្រុមម្ចាស់ប្រាក់ចាប់នាងយកទៅបង្ខាំងទុក ដើម្បីឲ្យជនរងគ្រោះទាក់ទងទៅក្រុមគ្រួសារ និងវេរលុយមកសងពួកគេវិញ ពេលសងប្រាក់រួចរាល់ ទើបពួកគេដោះលែងជនរងគ្រោះវិញ។ តែសំណាងល្អ បានមិត្តភក្តិទៅប្តឹងសមត្ថកិច្ចឲ្យជួយរំដោះទាន់ពេលវេលា ៕