ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ប៉ុន្តែការសរសើរប្រកបដោយទឹកចិត្តយោគយល់នេះ វាផ្ទុយនឹងទឹកចិត្តរបស់និស្សិតខ្មែរ ដែលកំពុងបន្តការសិក្សានៅក្រុងប៉ារីស នោះផងដែរ ។ ពួកគេមានការខឹងសម្បា និងអាក់អន់ចិត្តចំពោះការចុះផ្សាយរូបថតរបស់ព្រះអង្គ និងអត្ថបទនៅលើកាសែតហ្វ្រង់ស័រ នោះយ៉ាងខ្លាំង ។ តំណាងពួកគេទទូចសុំចូលគាល់ព្រះអង្គជាបន្ទាន់ ។ ព្រះអង្គក៏មិនចង្អៀតចង្អល់ ក្នុងការអនុញ្ញាតពួកគេឲ្យចូលគាល់នៅក្នុងបន្ទប់របស់ព្រះអង្គ ដែលមានលោកពីញ៉ុង និងលោកម៉ាធឺវេត៍ កំពុងស្ថិតនៅក្នុងបន្ទប់នោះដែរ ។

ព្រះមហាក្សត្រសីហនុ និងអតីតនិស្សិតខ្មែនៅក្រុងប៉ារីស

តំណាងរបស់ពួកគេ គឺជួន ជុំ , ជួន មុំ , ជួន ប្រសិទ្ធ ជាប្អូនប្រុសរបស់អ្នកស្រីជួន ជឿន ជាភរិយារបស់លោកនាយករដ្ឋមន្ត្រីឈាន វ៉ម និងម្នាក់ទៀត គឺ អៀ ស៊ីចូវ ដែលជាមេក្លោងនៃចលនាជាតិនិយមរបស់សឺង ង៉ុកថាញ់ តាំងពីគេកំពុងរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក្រុងភ្នំពេញមកម្ល៉េះ ។ ពួកគេបានចោទប្រកាន់ព្រះអង្គ ដោយពាក្យសម្ដីគំរោះគំរើយថា ព្រះអង្គជាជនអនាចារ បានប្រព្រឹត្តអំពើផ្ដេសផ្ដាសជាមួយស្រីបារាំងម្នាក់នោះ និងជាអ្នកបង្អាប់បង្អោនកិត្តិយសរបស់ជាតិខ្មែរទាំងមូល ។

ព្រះមហាក្សត្រសីហនុ យាងទៅក្រុងប៉ារីស

ទង្វើដ៏ប្រហើនកោងកាចបំផុតនេះ ធ្វើឲ្យព្រះអង្គភ័ន្តភាំងស្រឡាំងកាំង រកពាក្យអ្វីតបទៅពួកគេវិញមិនបាន ក្រៅតែគង់នៅស្ងៀម ។ ប៉ុន្តែលោកពី ញ៉ុង ដែលធ្លាប់តែមនុស្សចេះគួរសម និងតែងតែគោរពទំនាក់ទំនងបារាំង- ខ្មែរ បានបញ្ជាក់ការពិតប្រាប់ពួកគេថា ព្រះអង្គមិនបានប្រព្រឹត្តអំពើមិនគួរគប្បីជាមួយស្រីបារាំងម្នាក់នោះទេ ដោយព្រះអង្គគ្រាន់តែបានសោយភោជនាហារពេលល្ងាចជាមួយស្រីម្នាក់នោះធម្មតាតែប៉ុណ្ណោះ ហើយលោកពី ញ៉ុង បានបន្ទោសពួកនោះថា ពួកអ្នកឯង! មិនត្រូវមានការភ័ន្តច្រឡំតាមអត្ថបទដែលចុះផ្សាយលើទំព័រកាសែតហ្វ្រង់ស័រ ដោយគ្រាន់តែដាក់ចំណងជើងដើម្បីកន្ត្រាក់អារម្មណ៍របស់អ្នកអាននោះឲ្យសោះ! ។ ទោះបីជាយ៉ាងណា ក៏ពួកអ្នកឯងគ្មានសិទ្ធមកអុកឡុកដល់កន្លែងព្រះមហាក្សត្របែបនេះដែរ ។ ក្នុងនាមប្រទេសបារាំង ដែលពេលនេះព្រះមហាក្សត្រខ្មែរកំពុងគង់នៅជាភ្ញៀវដ៏ខ្ពង់ខ្ពស់ ហើយពួកអ្នកឯងរាល់គ្នា ដែលបានមករៀនសូត្រនៅប្រទេសបារាំងនេះ ក៏ដោយសារតែព្រះអង្គដែរនោះ ខ្ញុំសូមបញ្ជាឲ្យពួកអ្នកឯងចាកចេញពីទីនេះជាប្រញាប់ ។

លោក ជូន ប្រសិទ្ធ

ភ្លាមនោះ ជួន ជុំ , ជួន មុំ , ជូន ប្រសិទ្ធ និងអៀ ស៊ីចូវ បានបាត់បង់នូវភាពព្រហើនកោងកាចរបស់ពួកគេមួយរំពេច ហើយក៏នាំគ្នាចាកចេញទៅវិញទាំងអាម៉ាស់ ។

ព្រះមហាក្សត្រនរោត្ដម សីហនុ បានកត់សម្គាល់ថា ថ្វីត្បិតតែពេលនេះឈាន វ៉ន មានវ័យក្មេងខ្ចី និងខ្វះបទពិសោធន៍ក្នុងការដឹកនាំរាជរដ្ឋាភិបាលក៏ដោយ ក៏គាត់មានសញ្ញាប័ត្របរិញ្ញាប័ត្រអក្សរសាស្ត្រ និងមានចរិតសុភាពរាបសារ គួរសមរាក់ទាក់ជាងគេ ក្នុងចំណោមអ្នកនយោបាយខ្មែរយើងដែរ ៕