ខេត្តសៀមរាប ៖ ជនកម្ជិលអាំងផេះម្នាក់ បានគ្រងស្បង់ចីពរក្លែងបន្លំជាសង្ឃក្លែងក្លាយ ដោយដើរបិណ្ឌបាតតាយាយ យកប្រាក់ទៅទិញថ្នាំញៀនជក់ លុះសមត្ថកិច្ចស៊ើបអង្កេតដឹង ក៏ចាប់ដោះស្បង់ចីពរចេញ ហើយនាំខ្លួនយកទៅចាត់ការតាមផ្លូវច្បាប់ កាលពីនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។

ជនកំហូចក្លែងបន្លំជាសង្ឃនេះ មានឈ្មោះអឿ អួន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនប្រាកដ រស់នៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។

សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុង និងមានការឯកភាពពីលោក ភឹង ចិន្ដារ៉េត ស្នងការរង និងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
ប្រភពបន្តថា នៅថ្ងៃកើតហេតុ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បន្ទាប់ពីបានទទួលព័ត៌មានពីព្រះសង្ឃនៅវត្តថ្មី (វត្តក្បាលខ្មោច) ថា មានព្រះសង្ឃក្លែងក្លាយ នឹងដើររ៉ៃអង្គាសប្រាក់ ទើបសមត្ថកិច្ចចុះទៅឃាត់ខ្លួន ហើយផ្សិករួច កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគ្រងដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ដើររ៉ៃអង្គាសប្រាក់ ពេលបានប្រាក់ហើយ បានយកចាយវាយផ្ទាល់ខ្លួន និងទិញថ្នាំញៀនប្រើប្រាស់ តែដឹងអី ត្រូវអស់លក្ខណ៍ជាប់ខ្នោះរបស់សមត្ថកិច្ចតែម្តង។

ជនសង្ស័យ ត្រូវសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមច្បាប់៕