ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ក្នុងឆ្នាំ ១៩៥០ អៀង សារី ក៏បានទទួលអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសបារាំងដែរ ពោលគឺមួយឆ្នាំក្រោយសាឡុត ស។ មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា ភាគច្រើននិស្សិតដែលបញ្ជូនឲ្យទៅបន្តការសិក្សានៅប្រទេសបារាំងនោះ សុទ្ធសឹងជាសកម្មជនរបស់គណបក្សប្រជាធិបតេយ្យ និងជាអ្នកចូលរួមធ្វើសកម្មភាពប្រឆាំងនឹងបារាំង ដែលពេលនោះគណបក្សប្រជាធិបតេយ្យ កំពុងកាន់អំណាច ជាអ្នកបញ្ជូនពួកគេឲ្យទៅរៀននៅប្រទេសបារាំង ។

ព្រះមហាក្សត្រនរោត្តម សីហនុ យាងទៅក្រុងប៉ារីស

មុនពេលចាប់ផ្ដើមសាងសង់អគារស្នាក់នៅថ្មី ដែលគេឲ្យឈ្មោះថា ផ្ទះខ្មែរ (Pavillon Du Cambodge ) នេះ និស្សិតស្នាក់នៅជាមួយនិស្សិតវៀតណាម និងឡាវ ក្នុងអគារមួយរួមគ្នាដែលគេឲ្យឈ្មោះថា ផ្ទះឥណ្ឌូចិន ។ ប៉ុន្តែដោយសារផ្ទះឥណ្ឌូចិន មានចំណូលនិស្សិតមកពីឥណ្ឌូចិន កាន់តែកើនច្រើនឡើងៗ ឥតឈប់ឈរ ប្រទេសបារាំងក៏សម្រេចជួយសាងសង់ផ្ទះខ្មែរនេះ ដើម្បីឲ្យនិស្សិតខ្មែរស្នាក់នៅដោយឡែកពីនិស្សិតវៀតណាម និងឡាវ ។

ក្នុងព្រះរាជដំណើរយាងទៅប្រទេសបារាំងនោះ លោកឈាន វ៉ន ជានាយករដ្ឋមន្ត្រី (មកពីគណបក្សប្រជាធិបតេយ្យ) ក៏អមព្រះរាជដំណើរនោះដែរ ។ លោកឈាន វ៉ន ជានាយករដ្ឋមន្ត្រីវ័យក្មេង បានរៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញាជួន ជឿម ជាចៅរបស់ឧកញ៉ា ជហ្វាវាំងជូន ។ កញ្ញាជួន ជឿម នេះហើយ ដែលអគ្គទេសាភិបាលបារាំង ឈ្មោះហ្ស័ក ហ្គោតជេ មានគម្រោងឲ្យព្រះមហាក្សត្រនរោត្តម សីហនុ រៀបអភិសេកជាមួយ តាំងពីឆ្នាំ ១៩៤២ តែព្រះអង្គមិនមានមនោសញ្ចេតនាជាមួយនាងបន្តិចឡើយនោះ ។

ផ្ទះស្នាក់នៅរបស់និស្សិតខ្មែរនៅប្រទេសបារាំង​ PAVILLON DU CAMBODGE

ក្នុងពេលគង់នៅក្រុងប៉ារីស ល្ងាចមួយ ពេលព្រះអង្គកំពុងសោយភោជនាហារ នៅក្នុងភោជនីយដ្ឋានឡឺដូយាង ដ៏ល្បីល្បាញមួយ នៅលើមហាវិថីហ្សង់អេលីហ៊្សេ តុដែលព្រះអង្គគង់សោយនោះ ត្រូវបានគេតុបតែងយ៉ាងល្អប្រណីត ហើយម្ចាស់ភោជនីយដ្ឋាន ក៏បានសុំថតរូបព្រះអង្គពេលកំពុងគង់នៅតុនោះ ដោយម្ចាស់ភោជនីយដ្ឋាននេះ ពុំមានបំណងយករូបថតនោះ ទៅផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញភ្ញៀវផ្សេងៗទៀតឲ្យចូលភោជនីយដ្ឋានរបស់គាត់ឡើយ គឺសុំថតទុកជាអនុស្សារីយ៍ប៉ុណ្ណោះ ។ បន្ទាប់មកទៀត ម្ចាស់ភោជនីយដ្ឋាននោះ ក៏បានសុំរាជាអនុញ្ញាតពីព្រះអង្គ ឲ្យស្រីបារាំងស្រស់ស្អាតម្នាក់ដែលគាត់បានណែនាំឲ្យព្រះអង្គស្គាល់កាលពីដំបូងនោះ មកអង្គុយក្បែរព្រះអង្គដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ ពេលនោះព្រះអង្គនឹកក្នុងព្រះទ័យថា បើគ្រាន់តែស្រីបារាំងស្អាតម្នាក់ ក្នុងចំណោមស្រីបារាំងដែលស្អាតៗជាងគេ ដែលព្រះអង្គពុំដែលបានជួបប្រទះ សុំថតរូបជាមួយ ហេតុអ្វីមិនបាន? ព្រះអង្គក៏យល់ព្រមដោយរីករាយ ៕ (នៅមានតទៀត)