ខេត្តកំពត៖ បុរសជាមេការសំណង់វ័យម្នាក់ បានធ្លាក់ពីសណ្ឋាគារ «កំពតថ្មី» កម្ពស់៨ជាន់ ដែលខ្លួនទទួលម៉ៅការសាងសង បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ចំណុចសណ្ឋាគារ”កំពតថ្មី” ស្ថិតក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ។
ជនរងគ្រោះមានឈ្មោះ ឡេង វណ្ណះ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមេការទទួលខុសត្រូវ សាងសង់សណ្ឋាគារ “កំពតថ្មី” (កន្លែងកើតហេតុខាងលើ) មានទីលំនៅ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្អូនប្រុសជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅជាន់ទី៨ ដើម្បីលាងអាងទឹកទៅលើដំបូលតែម្នាក់ តែមិនដឹងជាយ៉ាងម៉េច ស្រាប់តែធ្លាក់មកដី បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។
ដោយឡែក កម្មករនៅកន្លែងកើតហេតុ បានយល់ឃើញថា ក្រោយពីជនរងគ្រោះលាងអាងរួច ក៏បានមុជទឹកដុសសាប៊ូ រួចក៏រអិលធ្លាក់មកក្រោមដោយខ្លួន បណ្តាលឲ្យស្លាប់តែម្តង ។ ឯអ្នកខ្លះទៀត ក៏បានសន្និដ្ឋានថា ប្រហែលជាមានអ្នកស្អប់ ហើយបានរុញទម្លាក់ជនរងគ្រោះក្រោយដី។

តែយ៉ាងណា នេះគ្រាន់តែការសន្និដ្ឋានរបស់កម្មករនៅទីនោះប៉ុណ្ណោះមិនអាចយកជាផ្លូវការបានទេ។
ក្រោយកើតហេតុ មន្ត្រីនគរបាលជំនាញនគរបាលបច្ចេកទេស ចុះមកធ្វើកោសល្យវិច័យសពជនរងគ្រោះ និងពិនិត្យនៅកន្លែងកើតហេតុ យ៉ាងល្អិតល្អន់ ហើយបានសន្និដ្ឋានជាបឋមថា ជនរងគ្រោះ អាចរអិលជើង ដោយសារទឹកមានជាតិសាប៊ូ ហើយក៏ធ្លាក់មកក្រោមបណ្តាលឱ្យស្លាប់ ច្រើនជាងករណីដទៃទៀត ។
សពជនរងគ្រោះត្រូវសមត្ថកិច្ច ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕