ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រទះឃើញត្រីដូហ្វីនមួយក្បាលងាប់ ដោយគេអារ កសម្លាប់រួចយកមកបោះចោលនៅក្រោមស្ពានកោះពស់ ។

តាមសម្ដីរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ត្រីផ្សោតមួយក្បាលនេះ ជាប់មងអ្នកនេសាទ ហើយ ទំនងជាត្រូវគេអារ ក សម្លាប់ ក្រោយគេដោះចេញពីមងរួច ។ ទោះជាយ៉ាងនេះក្តី មិនមានការអះអាងបញ្ជាក់បន្ថែមថា ត្រីផ្សោតមួយក្បាលនេះ ងាប់ ជាមួយស្នាមអារ ក មុនពេលជាប់មង ឬក៍ជាប់មងហើយ បានគេ អារ ក ក្រោយឬយ៉ាងណានោះទេ និងថា សាកសពត្រីផ្សោតសមុទ្រមួយនេះត្រូវគេទុកចោលនៅក្រោមស្ពានកោះពស់ មិនមានអ្នកចេញមុខទទួលខុសត្រូវថាជាកម្មសិទ្ធិសម្រាប់យកទៅធ្វើជាអាហារឬបែបណាឡើយ។

ជាមួយគ្នានេះ លោកនេន ចំរើនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកតាមទូរសព្ទ័ថា លោកនឹងចាត់មន្ត្រីជលផលចុះទៅពិនិត្យភ្លាមៗ ជាមួយនឹងការបញ្ជាក់ថា នឹងធ្វើការស្រាវជ្រាវបន្ត ៕