ភ្នំពេញ ៖ ជនសង្ស័យជាក្មេងស្ទាវ១ក្រុម មានគ្នា៦នាក់ម៉ូតូចំនួន៣គ្រឿងដេញប្លន់ម៉ូតូឌ្រីមសង់ ស៊េរីឆ្នាំ២០២០ពីយុវជនពីរនាក់បានសម្រេច រួចនាំគ្នាជិះគេចខ្លួនបាត់ កាលវេលាម៉ោង១០ និង៣០យប់ ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវព្រះរោត្តម ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ប៉ុន្តែប៉ុន្មានក្រោយមក ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់បានជាបន្តបន្ទាប់ ចំនួន៦នាក់។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៦នាក់នោះ ទី១.មានឈ្មោះ ទូច ឃួន ភេទប្រុស អាយុ១៩ឆ្នាំ ,ទី២.ឈ្មោះសើរ កក្កដា ភេទប្រុស អាយុ១៥ឆ្នាំ ,ទី៣.ឈ្មោះសើរ ចាន់ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ,ទី៤.ឈ្មោះ ចន្ថា វិឆ្ឆិកា ភេទប្រុស ១៧ឆ្នាំ, ទី៥.ឈ្មោះ នន រតនា ភេទប្រុស អាយុ២២ឆ្នាំ និងទី៦.ឈ្មោះ សុខា វីរៈបុត្រ ភេទប្រុស អាយុ១៩ឆ្នាំ ។

ទាំង៦នាក់ជិះម៉ូតូធ្វើសកម្មភាពចំនួន៣គ្រឿង ទី១ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1T.1445 , ទី២ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1D.9549 និងមួយទៀតម៉ាកឌ្រីមសង់ មិនចាំស្លាកលេខ ។

ជនរងគ្រោះមានឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបជាងឈើ ស្នាក់នៅបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AH.9763 ជិះគ្នា២នាក់ ។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេជិះម៉ូតូ៣ទៅ៤គ្រឿង ចេញពីកន្លែងផឹកស៊ីមួយកន្លែង ចំណែករូបគេជិះមួយគ្រឿងម៉ាកឌ្រីមសង់០២០ ជិះចេញមកមុន ដោយធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវនរោត្តម ស្រាប់មានជនសង្ស័យ១ក្រុម មានគ្នា៦នាក់ ជិះម៉ូតូចំនួន៣គ្រឿងដេញប្លន់ តាំងពីស្តុបចំការមន រហូត មកដល់គល់ស្ពានអាកាសក្បាលថ្នល់ រូបគេបានដួលម៉ូតូ ហើយភ័យខ្លាំងពេកបានរត់ចោលម៉ូតូ ក៍ត្រូវក្រុមជនសង្ស័យលើកម៉ូតូខ្លួន ជិះគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ហើយមិនបានប៉ុន្មានម៉ោងផង សមត្ថកិច្ចបានស្រាវជ្រាវ និងក្របួចក្រុមជនសង្ស័យនៅផ្ទះសំណាក់៣៤២ចំណុចមុខផ្សារសុវណ្ណា បាន៤នាក់ និងតាមចាប់បាន២នាក់បន្ថែមទៀត សរុបទាំងអស់៦នាក់ ។

ជនសង្ស័យទាំង៦នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកអធិការដ្ឋានខណ្ឌចំការមន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមច្បាប់៕