ភ្នំពេញ៖ សង្ស័យឆ្លងចរន្តអគ្គិសនី នៅជាន់ទី២ បុរសជនជាតិចិន២នាក់កំពុងដេកលង់លក់ក្នុងបន្ទប់ ស្រាប់តែមានផ្សែងខ្មួលខ្មាញ់ ក៍ភ្ញាក់ឡើង ហើយរត់ចុះមកក្រោម ស្រែកឲ្យគេឯងជួយ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង១០នាទី នៅក្នុងហាងសាច់អាំង៨ទិស តាមផ្លូវបាសាក់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ភ្លាមៗនោះ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះពេជ្រ ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ១គ្រឿង បានចេញអន្តរាគមន៍ តែបានប្រើប្រាស់ទឹកអស់១គ្រឿងប៉ណ្ណោះ ក៏រលត់ទៅវិញ មិនបានរាលដាលដល់ផ្ទះជិតខាងឡើយ ។

មន្រ្តីនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានឲ្យដឹងថា ការឆាបឆេះផ្តើមពីឆ្លងចរន្តអគ្គិសនីនេះ ពុំមានការខូចខាតច្រើននោះទេ ព្រោះសមត្ថកិច្ចយើងបានចុះអន្តរាគមន៍បានទាន់ពេលវេលា ។

តាមការសន្និដ្ឋានជំហានដំបូង មូលហេតុអគ្គិភ័យនេះ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕