ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋប្រុសស្រីក្មេងចាស់រាប់រយនាក់ ដោយមានអ្នកខ្លះជិះរថយន្ត ម៉ូតូ ខ្លះជិះម៉ូតូ និងខ្លះទៀតជិះម៉ូតូកង់បី មកពីក្រុងប៉ោយប៉ែត ,ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ បាននាំគ្នាទៅចាប់ដី នៅចំណុចព្រៃថៅកែយ៉ ព្រៃរនាមដូនសំ និងព្រៃរាំងវង្ស ក្នុងស្រុកម៉ាឡៃ យ៉ាងគគ្រឹកគ្រេង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០។

ពលរដ្ឋដែលធ្វើដំណើរមកយ៉ាងគគ្រឹកគ្រេងនោះ បានឲ្យដឹងថា ពួកគាត់មួយចំនួនត្រូវមេខ្យល់ដើរបំផុសឲ្យនាំគ្នាទៅវាស់វែងចាប់ដី នៅចំណុចព្រៃថៅកែយ៉ ព្រៃរនាមដូនសំ និងព្រៃរាំងវង្ស ក្នុងស្រុកម៉ាឡៃ ដោយបានកត់ឈ្មោះ និងយកប្រាក់ខ្លះ៣ម៉ឺនរៀល ៥ម៉ឺនរៀល និង១០ម៉ឺនរៀល ចំណែកអ្នកខ្លះទៀតមិនទាន់ហ៊ានចំណាយប្រាក់នោះទេ លុះដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ពួកគាត់បាននាំគ្នាជិះម៉ូតូទៅមើលទីតាំងដីដែលមេខ្យល់ថាវាស់វែងឲ្យនោះ ។ តែទៅមិនទាន់ដល់ទីតាំងផង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះមកហាមឃាត់ មិនឲ្យបន្តដំណើរទៅមុខទៀត ក៏នាំគ្នាវិលមកផ្ទះរៀងខ្លួននៅរសៀលថ្ងៃដែល ។

ពលរដ្ឋទាំងអស់នោះបានឲ្យដឹងដែរថា កាលពីមុន មានមេខ្យល់បំផុសឲ្យពលរដ្ឋទៅកាប់រុករានព្រៃរនាមដូនសំ ម្ដងរូចមក ដោយសន្យាថា ក្រោយពីកាប់អស់ព្រៃដីវាលរាប់ពាន់ហិកតារ មេខ្យល់មិនឲ្យដីទេ គឺឲ្យតែប្រាក់ម្នាក់២០០ទៅ៣០០ដុល្លារ ទើបពេលនេះមានការភ្ញាក់ផ្អើលតាមគ្នា មកចាប់យកដី ព្រោះព្រៃទាំងអស់នោះបានក្លាយទៅជាវាលអស់ បើពួកគាត់មិននាំគ្នាទៅចាប់ទេ នៅថ្ងៃខាងមុខក្រុមឈ្មួញឃុបឃិតគ្នាជាប្រព័ន្ធទិញលក់អស់ជាមិនខាន។

លោកអែម សុខា អភិបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ពលរដ្ឋដែលនាំគ្នាមកនោះ គឺមកតាមរយៈជំទាវ ពោធិតី សាវតី ប្រធានគណបក្សធម្មាធិបតេយ្យ និងជាឧត្តមក្រមប្រឹក្សាពិភាគពិគ្រោះយោបល់ តែជំទាវហ្នឹងមានដីនៅទីណា លោកមិនបានដឹងនោះទេ? ។ ជំទាវនេះបានដឹកនាំពលរដ្ឋមកយ៉ាងអនាធិតេយ្យមកធ្វើសកម្មភាពពេញព្រៃ ដោយមិនបានសហការជាមួយអាជ្ញាធរ ម្យ៉ាងលោកបានឲ្យកម្លាំងទប់ស្កាត់ ក្នុងនោះរួមមានកម្លាំងសមត្ថកិច្ចស្រុក និងកម្លាំងជំនាញ ដូចជាមន្ត្រីអនុរក្សបរិស្ថាន ហើយជំទាវនោះបានប្រជុំជាមួយបងប្អូនប្រជាពលរដ្ឋ តែមិនដឹងនិយាយបែបណាព្រោះមនុស្សច្រើន សមត្ថកិច្ចមិនអាចចូលអត់ដល់ ។

លោកអភិបាលស្រុកម៉ាឡៃ បញ្ជាក់ថា អ្នកណាមិនចង់បានដី បើគេហៅមកយកដីងាយៗបែបនេះ តែសម័យនេះមានដីមកពីណា ដែលអាចមកយកងាយៗបែបនេះ?
ករណីនេះ kbn មិនអាចសុំការបំភ្លឺពីជំទាវពោធិតី សាវតី បានទេ ៕