បរទេស៖ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិន ដែលជាចំណុចកណ្តាលនៃប្រភពវីរុសកូវីដប្រភេទ​ថ្មី COVID-19​ បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីចំនួន៥៧នាក់​។ ​បើ​គិត​ត្រឹម​ម៉ោង៨ ព្រឹក​ថ្ងៃសៅរ៍​ ទី២២ ខែកុម្ភៈ នេះ​ដែលសរុបចំនួននៅទូទាំងពិភពលោកមនុស្សស្លាប់ទាំងអស់កើនដល់២​​ ២៥១នាក់ ខណៈចំនួនអ្នកឆ្លងកើនដល់៧៦ ៨០៦នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

អ្នកស្លាប់ដោយវីរុសកូវីដ COVID-19​ ​ភាគច្រើនបំផុត​នៅ​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ហើយ​តំបន់​រដ្ឋបាល​ពិសេស​ចិន គឺ​ហុងកុង​មាន​២​ករណី និង​តៃវ៉ាន់​មាន​១​ករណី​។​ក្រៅពី​ចិន មាននៅ​អ៊ីរ៉ង់​២​ករណី ជប៉ុន​៣​ករណី (​អ្នកដំណើរ​លើ​នាវា Diamond Princess ២​ករណី​) ហើយ​ក្រោយមក​ស្លាប់​ទាំង​២​នាក់ បន្ទាប់មក​មាន បារាំង ជប៉ុន កូរ៉េខាងត្បូង និង​ហ្វីលីពីន អ៊ីតាលី ដែលមាន​១​ករណី​រៀងៗ​ខ្លួន​។​

គួរឲ្យដឹងដែរថា បុរស​វ័យ​៧៨​ឆ្នាំ​ម្នាក់ ក្លាយជា​អ្នក​មនុស្ស​ដំបូង​នៅ​អ៊ីតាលី ដែល​បានទទួល​មរណភាព ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​អ៊ីតាលី RAI​។​

ជាមួយគ្នានេះ​ផងដែរ  អ្នកជំងឺ​ជាង​​១២ ០០០​នាក់​​នាក់ ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ប្រមាណ​ជាង១៨ ៦៣១​​នាក់​ដូចគ្នា បាន​សះស្បើយ និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​ នេះ​បើតាម​បច្ចុប្បន្នភាព​នៃ​ទិន្នន័យ​របស់​គណៈកម្មាធិកា​រ​សុខាភិបាល​ជាតិចិន​​។

ដើម្បីទប់ស្កាត់ការរីករាលដាលយ៉ាងឆាប់រហ័សអាជ្ញាធរចិន បានប្រកាសបិទទ្វារទីក្រុងប្រមាណជាង ៨០ នៅក្នុងខេត្តជិត ២០ ចាប់តាំងពីការរីករាលដាលនៃជំងឺនេះ។ វិធានការណ៍តឹងរ៉ឹងរួមមានការគ្រប់គ្រងចលនារបស់អ្នកស្រុកនិងយានយន្តនិងការរឹតត្បិតការចូលទៅកាន់សហគមន៍លំនៅដ្ឋាននិងសមាសធាតុនានាកំពុងត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕