បរទេស ៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ១៧ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងការទទួលសំណូក និងរំលោភអំណាចពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ដ DAS ដែលជាកម្មសិទ្ធិនៃបងប្រុសរបស់លោក។

សារព័ត៌មាន CGNT ដែលចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ថា តុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ក៏បានពិន័យ លោក Lee Myung-bak អតីតប្រធានាធិបតីកូរ៉េខាងត្បូង ( កាន់តំណែងជា ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២ ) ជាបា្រក់១៣ពាន់លានវ៉ុន ឬ១១លានដុល្លារ ។

កន្លងមក តុលាការជាន់ទាប ក្នុងប្រទេសកូរ៉េខាងត្បូង បានកាតើទោសលោក Lee Myung-bak ដាក់ពន្ធនាគារ១៥ឆ្នាំ។ តែកាលពីខែមករា ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្នើឱ្យតុលាការជាន់ខ្ពស់ ផ្ដន្ទាទោស អតីតប្រធានាធិបតីរូបនេះ ដាក់ពន្ធនាគារ២០ឆ្នាំ និងពិន័យជាប្រាក់១២.៦ លានដុល្លារ (១៥ពាន់លានវ៉ុន) ។

គួរបញ្ជាក់ថា តុលារការជាន់ទាប បានរកឃើញថា លោក Lee ជាអ្នកមានអំណាចជាងគេបំផុតក្នុងការគ្រប់គ្រងក្រុមហ៊ុន DAS និងប្រើប្រាស់អំណាច ជាប្រធានាធិបតី ដើម្បីស្វែងរកផលចំណេញឱ្យក្រុមហ៊ុនមួយនេះ និងខ្លួនឯងផ្ទាល់ ក្នុងនោះរួមមានទាំងការទទួលសំណូក ៨.៥ពាន់លានវ៉ុនផងដែរ ៕