ខេត្ដព្រះសីហនុ ៖ កាលពីពេលថ្មីៗនេះ សហគមន៍កសិករដាំត្រសក់ផ្អែមស្រុកបន្ទាយស្រី ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះល្បី បានប្រឈមមុខនឹងខាតបង់ទាំងស្រុកទៅលើទិន្នផលរបស់ខ្លួន ក៏ប៉ុន្តែត្រូវបានលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចេញមុខធ្វើអន្តរាគម៏ជួយដល់សមាគមន៏កសិករ ដោយបានរៀបចំការលក់ត្រសក់ផ្អែមទ្រង់ទ្រាយធំនៅក្នុងផ្សារហេរីថេក ក្នុងក្រុងសៀមរាប។ ជាមួយនឹងការលក់នេះដែរ សង្កេតឃើញថាហាក់បីជាមានសន្ទុះលឿន ហើយរឹតតែពិសេសទៀតនោះ លោកជំទាវ អ៊ូ ធីតាពៅ ដែលជាភរិយាឯកឧត្តម​​ គួច ចំរើន បានចូលរួមជួយគាំទ្រដោយបានទិញត្រសក់ផ្អែមចំនួន១០០០គីឡូ តែបរិច្ចាគត្រសក់ផ្អែមត្រលប់ទៅវិញទាំងអស់ ដើម្បីទុកជូនប្រជាកសិករសម្រាប់លក់បន្ត។ នេះបើយោងតាមការបង្ហោះរបស់ លោក ឃឹម ហ្វីណង់។

“ជួយគាំទ្រពួកគាត់ផង ស្រុកបន្ទាយស្រី ខេត្តសៀមរាបយើងហ្នឹង! ទោះតិចក្តីច្រើនក្តី ជាទឹកចិត្តយើងខ្មែរដូចគ្នា ជួយទិញផលិផលរបស់កសិករខ្មែរយើងទៅ ខ្មែរជួយខ្មែរ”។ សូមបញ្ជាក់ថាបេសកកម្មជួយសហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម ត្រូវបានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក ដោយត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញនិងកក់ទុករួចអស់ហើយ។ នេះបើយោងតាមការបង្ហោះសាររបស់លោកជំទាវ អ៊ូ ធីតាពៅ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើបរីករាយ ជាខ្លាំង ចំពោះលោកជំទាវ ក៏ដូចជាអ្នកជួយគំាទ្រជួយទិញត្រសក់ផ្អែមរបស់ប្រជាកសិករយើង ដោយទង្វើរទាំងនេះបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះខ្មែរគ្រប់ៗរូប ៕