យោងតាមកាសែតថៃបាងកកប៉ុស្តិ៍ដកស្រង់សំដីប៉ូលីស ចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារទី១៨កុម្ភៈ២០២០បានឲ្យដឹងថា បុរសដែលបាញ់រះគ្មានញញើតដៃនៅមុខគ្លីនិកកែសម្ផស្សមួយនៅក្នុងផ្សារទំនើប Century Movies Plaza កណ្តាលទីក្រុងបាងកកាលពីវេលាម៉ោង៣និង១៥នាទី ត្រូវបានគេស្គាល់អត្តសញ្ញាណហើយគឺឈ្មោះ Danusorn Numcharoen អតីតជាប្រុសកំណាន់របស់ស្ត្រីរងគ្រោះ។
មូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់ស្រីកំណាន់របស់ខ្លួននេះត្រូវបានគេសន្និដ្ឋានបឋមថាផ្តើមចេញពីភ្លើងប្រចណ្ឌ។

គួរំរំលឹកថា រសៀលថ្ងៃអង្គារ វេលាម៉ោង ៣និង១៥នាទីរសៀលថ្ងៃទី១៨ មានហេតុការណ៍បាញ់ប្រហារមួយបានកើតឡើងក្នុងផ្សារទំនើបមួយក្នុងប្រទេសថៃ ដែលបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួស។ ជនល្មើសបានបាញ់យ៉ាងតិចចំនួន ៧ គ្រាប់ ត្រូវចំក្បាលនិងដងខ្លួនគូកំណាន់ចំនួន៣ទៅ៤គ្រាប់។
យោងតាមប្រភពព័ត៌មានដដែលបានឲ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅមុខគ្លីនិកកែសម្ផស្សមួយនៅក្នុងផ្សារទំនើប Century Movies Plaza ដែលស្ថិតនៅជិតវិមាន Victory Monument និងនៅមិនឆ្ងាយពីតំបន់ទិញទំនិញរបស់ភ្ញៀវទេសចរនៅ Soi Rangnam នោះឡើយ។
ប៉ូលីសបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះថា Pinanut Chatthai វ័យ២៨ឆ្នាំ ចំណែកឯស្ត្រីរងរបួសវ័យ២៩ឆ្នាំ ជាបុគ្គលិកគ្លីនិកនោះតែម្ដង ៕